ខេត្តកណ្ដាល៖ យុវជនម្នាក់ត្រូវជនមិនស្គាល់មុខកាប់ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម តាមដងផ្លូវ ដោយពុំដឹងថា មានទំនាស់អ្វីនោះទេ ។ ករណីឃាតកម្មខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង២០និង២២នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា យុវជនរងគ្រោះឈ្មោះ រៀម បូរ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅសិប្បកម្មផលិតឥដ្ឋយីហោ ព្រះអាទិត្យ២ ស្ថិតក្នុងភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ចំណែកជនសង្ស័យពុំទាន់ស្គាល់អត្ដសញ្ញសណនោះទេ ។ ចំណែកវត្ថុតាងសមត្ថកិច្ចប្រមូលបានមាន៖ ទូរស័ព្ទដៃ១គ្រឿងលើ ស្បែកជើងសង្រែកម៉ាក SPORT ពណ៌ខ្មៅ១ចំហៀងខាងស្ដាំ ស្បែកជើងសង្រែក ពណ៌ឈាមជ្រូក ខ្សែមានឆ្នូតពណ៌ខ្មៅ១ចំហៀងខាងឆ្វេង មួកប៉ារ៉េ ពណ៌ក្រហមចំនួន១ និងបំណែកកាត់តាប៊ូ ម៉ូតូពណ៌ខ្មៅចំនួន១ផងដែរ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សមត្ថកិច្ចស្រុកមុខកំពូលបានទទួលព័ត៌មានថា មានករណីឃាតកម្មមួយនៅចំណុចភូមិ/ឃុំកើតហេតុខាងលើ ក្រោយពីសមត្ថកិច្ចស្រុកទទួលបានព័ត៌មានរួច ភ្លាមនោះក៏ធ្វើការចុះដល់ចំណុចកើតហេតុ រួចរាយការណ៍បន្ដទៅសមត្ថកិច្ចជំនាញបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល រួចធ្វើការ សាកសពជនរងគ្រោះពិនិត្យឃើញថា៖ ជនរងគ្រោះដេកផ្ងារស្លាប់នៅលើផ្លូវជាតិលេខ៨ ក្បែស្ពានព្រែកតាមាក់ ដោយមានស្លាកស្នាមថ្គាមខាងស្ដាំដាច់ស្បែក បាក់ឆ្អឹងថ្គាមប្រវែង៦សង្ទីម៉ែត្រគុណ១សង់ទីម៉ែត្រ ស្នាមដាច់សាច់ដល់ឆ្អឹងថ្គាមឆ្វេងបាក់ឆ្អឹងប្រវែង១០សង់ទីម៉ែត្រគុណ៥សង្ទីម៉ែត្រ ស្នាមរលាត់ក្រោមឆ្អឹងដងកាំបិត ស្នាមមុតចំហៀងក្រោមកែងដៃឆ្វេងជម្រៅដល់ឆ្អឹងប្រវែង៧សង់ទីម៉ែត្រគុណ៤សង់ទីម៉ែត្រ ស្នាមមុត២សមគុមត្រចៀកក្រោមសៀតថ្កាខាងស្ដាំ និងចុងប្រដាប់ភេទមានចេញវត្ថុរាវខាប់ស្អិតៗ ។ ក្រៅពីស្លាកស្នាម និងវត្ថុតាងខាងលើសមត្ថកិច្ច ពុំបានពិនិត្យឃើញមានអ្វីទៀតឡើយ ។ ក្រោយពីធ្វើការសមត្ថកិច្ចជំនាញពិនិត្យចប់ សន្និដ្ឋានថា ករណីខាងលើនេះគឺជាករណីឃាតកម្ម ។ បន្ទាប់ពីធ្វើការសន្និដ្ឋានរួច សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
ចំពោះករណីនេះ សមត្ថកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយផ្នែកជំនាញយុត្តិធម៌ស្រុក កំពុងកសាងសំណុំរឿងដើម្បីស្រាវជ្រាវស៊ើបអង្កេតរកមុខជនសង្ស័យចាត់ការតាមច្បាប់ ៕ ស្អាងជ័យ