ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៤កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានបញ្ជូនខ្លួនជនសង្ស័យ ដែលធ្វើសកម្មភាពប្រើកូនកាំបិតភ្ជុងប្លន់ យកលុយពីបុគ្គលិកអ៊ីនធឺណេត អស់ចំនួន៣,០០០ដុល្លារអាមេរិក ស្ថិតនៅក្នុងខណ្ឌចំការមន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ក្រោយសមត្ថកិច្ចបញ្ជប់នីតិវិធីសាកសួរ ហើយសំណុំរឿងនេះ កំពុងស្ថិតក្នុងចំណាត់ការបើកការសាកសួររបស់លោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី មុនសំណុំរឿងបន្តបញ្ជូនទៅចៅក្រមស៊ើបសួរ ។
ជនសង្ស័យមានឈ្មោះ តាំង ង៉ិចហាវ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ២៤ ផ្លូវ ២៣២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។ ចំណែកជនរងគ្រោះមានឈ្មោះ រ៉ុន គឹមលាង ភេទស្រី អាយុ២៩ឆ្នាំ មុខរបរបុគ្គលិក អ៊ីនធើណេត វី អេ ធូ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ៦៧បេតេ ស្ថិតនៅភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គួររំលឹកផងដែរថា ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ និងខណ្ឌចំការមន បានសហការគ្នាឃាត់ខ្លួនថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ ពាក់ព័ន្ធករណីប្រើប្រាស់កាំបិតពាក់ព័ន្ធយកកាំបិតភ្ជង់ ជនរងគ្រោះនៅហាង «ណេត វី អេ ធូ» ស្ថិតនៅភូមិ៤ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
លោក ហ៊ាង ថារ៉េត អធិការររងទទួលផែនព្រហ្មទណ្ឌ ខណ្ឌចំការមន បានឲ្យដឹងថា ជនសង្ស័យប្រើកូនកាំបិតភ្ជុងប្លន់យកលុយកន្លែងណេត រួចក៏ស្រាវជ្រាវយោងតាមកាមរ៉ា សុវត្ថិណេត មានរូបជនសង្ស័យរហូតដល់វេលាម៉ោង១១យប់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ ក៏ស្រាវជ្រាវឃាត់ខ្លួនបាន នៅចំណុចមុខផ្ទះ អ៊ីនធើណេត ភី ភី ណេត ផ្លូវលេខ៦៣កែង២២២ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដោយបានសការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងរាំង ខណ្ឌដូនពេញ រួចបញ្ជូនមកសាកសួរនគរបាលខណ្ឌចំការមន ។
លោកបានបន្ថែមទៀតថា បន្ទាប់ពីសួរជនសង្ស័យបានទទួលស្គាល់ខ្លួនបានធ្វើសកម្មភាពប្រើកូនកាំបិតភ្ជុងប្លន់ យកលុយពីបុគ្គលិកណេតត្រឹមតែ២,៣០០ដុល្លារ មិនមែនដូចជនរងគ្រោះដាក់ពាក្យបណ្ដឹងបាត់បង់លុយ៣,០០០ដុល្លារ នោះទេ រួចក៏ដកហូតវត្ថុតាងពីជនសង្ស័យរួមមានម៉ូតូម៉ាក៊ូហ្គុន ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខ រ៨២៨៨ និងកាបូបស្ពាយ ពណ៌ខ្មៅ ចំនួន១ និងកូនកាំបិតចិតបន្លែចំនួន១ដើមផងដែរ ។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងចំណាត់ការបើកការសាកសួររបស់លោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី មុនសំណុំរឿងបន្តបញ្ជូនទៅចៅក្រមស៊ើបសួរ ៕ ស តារា