ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនមុខសញ្ញាលួចគាស់ផ្ទះយកសម្ភារ នៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ មុខសញ្ញាលួចគាស់ផ្ទះយកសម្ភារ ម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅចាប់ខ្លួនទៅតាមពាក្យបណ្តឹង របស់ជនរងគ្រោះជាម្ចាស់ផ្ទះ ដកហូតបានទូរស័ព្ទ១គ្រឿង និងស្រាបៀរ៣កេស ដែលជនសង្ស័យលួចយកចេញពីក្នុងផ្ទះបម្រុងដឹកចេញទៅកន្លែងផ្សេង ក៏ត្រូវម្ចាស់ផ្ទះភ្ញាក់ទាន់ ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង ។

ករណីចាប់ខ្លួនជនសង្ស័យរូបនេះ បានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៣៥ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ជនងគ្រោះឈ្មោះ គង់ សុខហៀង ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ ។

ជនសង្ស័យឈ្មោះ ពេជ្រ ផាន់ណា ភេទ ប្រុស អាយុ ១៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅភូមិដើម ស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

នគរបាលព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី ១២-១០-២០១៨ ជនរងគ្រោះបិទទ្វារផ្ទះ រួចក៏សម្រាកនៅ ក្នុងផ្ទះ រហូតដល់ម៉ោង២១និង៣០នាទី ពាក់កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ស្រាប់តែជនសង្ស័យបានអូសរទេះអេតចាយមកឈប់នៅចំហៀង ផ្ទះជនរងគ្រោះ ដោយមាន សភាពស្ងាត់ ជនសង្ស័យក៏ប្រើដៃទាញបង្អួចផ្ទះឈើឲ្យរបើកមួយផ្ទាំងចូលទៅក្នុងលួចបាន ទូរស័ព្ទដៃ០១គ្រឿង ម៉ាកណូគារ ពណ៌ស និងស្រាបៀរអាំងឆ័រចំនួន ០៣កេះ យកចេញ មកក្រៅដាក់លើរទេះអេតចាយបំរុងគេចខ្លួន ពេលនោះជនរងគ្រោះភ្ញាក់ដឹងខ្លួនឡើងឃើញ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងខាងលើបញ្ជូនមកទីស្នាក់ការប៉ុស្តិ៍និរោធ ចាត់ការតាមច្បាប់ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការតាមនីតិវិធី ៕ សណ្តោស


ចែករំលែក៖