ខេត្តកណ្តាល៖ ជាងម៉ាស៊ីនត្រជាក់ម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈអគ្គិភ័យបានឆាបឆេះក្លិបកម្សាន្តមួយកន្លែង ដោយសារមូលហេតុឆ្លងចរន្តអគ្គិសនី ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២និង៤៥នាទីរសៀល ស្ថិតនៅចំណុចភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។
ប្រភពពីសមត្ថកិច្ចបានប្រាប់ព័ត៌មានបឋមថា អគ្គិភ័យនេះបានឆេះក្លឹបកំសាន្តដែលទើបសាងសង់រួច មិនទាន់ដំណើរនោះទេ មានទំហំ៣០ម៉ែត្រគុណ៥០ម៉ែត្រ ធ្វើអំពីដែកប្រក់ស័ង្កសី ។
ប្រភពបន្តថា ករណីអគ្គិភ័យនេះ បណ្តាលឲ្យស្លាប់១នាក់ មុខរបរជាងម៉ាស៊ីនត្រជាក់ ហើយមូលហេតុកើតឡើងដោយសារឆ្លងចរន្តអគ្គិសនី ។
ខណៈពេលនេះក្រោមការបញ្ជាដឹកនាំពីឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត បានចាត់ចែងឲ្យរថយន្តពន្លត់អគ្គីភ័យដែលនៅជិតបំផុតតាមបណ្តាលស្រុកទៅជួយអន្តរាគមន៍ និងបានទាក់ទងទៅនាយកដ្ឋានអគ្គីភ័យនៃ អគ្គស្នងការដ្ឋាននគរបាលជាតិចុះជួយអន្តរាគមន៍ផងដែរ ៕