ព័ត៌មានទាន់ហេតុការណ៍៖

បំបែកសំណុំរឿងឃាតកម្មដ៏សាហាវយង់ឃ្នងមួយរយះពេល៧ថ្ងៃ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ ក្រោមការស្រាវ​ជ្រាវបញ្ជាពីលោក​ឧត្តមសេនីយ៍​ ទោបែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យការិយាល័យជំនាញបើកការស្រាវជ្រាវរហូតធ្វើការឃាត់ខ្លួនជនសង្ស័យជាឃាតក២នាក់ដែលបានសម្លាប់​បុរស​ម្នាក់​កាលពី៧ថ្ងៃមុន​ត្រង់ចំណុចឡូត៍កៅស៊ូ លេខ ៨១៧A​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង២នាក់​ដែលត្រូវ​ឃាត់​ខ្លួន​១.ឈ្មោះឡី ស្នែ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម នៅភូមិវាលឃ្មុំ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​ និងទី​២.ឈ្មោះលី ម៉ាហុង ភេទប្រុសអាយុ ២៩ឆ្នាំជាតិខ្មែរឥស្លាមនៅភូមិវាលទឹកចេញ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​ ។

ចំណែក​ជនរងគ្រោះឈ្មោះ ប៊ិន ម៉េងស៊ា ភេទ​ ប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរនៅភូមិគោល ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មុខរបរ ឆ្មាំការពារចំការកៅស៊ូ។

គួរ​រំលឹក​ថា​ កាលពីយប់ថ្ងៃសៅរ៍ ១២រោច ខែភទ្របទឆ្នាំច សំរឹទ្ធិស័ក ព ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែតុលាឆ្នាំ២០១៨ វេលាម៉ោង២០និង​ ៣០នាទី មានកររណីឃាតកម្មមួយបានកើតឡើងត្រង់ចំណុចឡូត៍កៅស៊ូ លេខ ៨១៧ A.ស្ថិតនៅភូមិ៦.១៦ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បង្កឡើង​ដោយជនសង្ស័យចំនួន២នាក់ខាងលើនេះ​។

តាមដំណើរសាច់រឿងបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូពីផ្ទះបងប្អូនត្រលប់ទៅផ្ទះខ្លួនវិញ នៅតាមផ្លូវចំការកៅស៊ូក៏បានពើបប្រទះជនសង្ស័យចំនួន០២នាក់គួរឲ្យសង្ស័យក៏បានឈប់ម៉ូតូបំរុងចុះទៅសាកសួរក៏ត្រូវជនទាំងពីរខាងលើកាប់ និងអារកសំលាប់តែម្តង ។ ដោយបាត់ជនរងគ្រោះយូរពេក ប្រពន្ធក៏បានសាកសួរបងប្អូន និងនាំគ្នាដើររកក៏ប្រទះឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ។

តាមចម្លើយសារភាពជនសង្ស័យបានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ ខ្លួនទាំង០២នាក់បាននឹងកំពុងជក់ថ្នាំនៅផ្លូវចំការកៅស៊ូ ក៏បានលឺសំលេងម៉ូតូ រួចក៏ឃើញជនរងគ្រោះឈប់ម៉ូតូបម្រុងមកចាប់ខ្លួន ក៏សម្រេចចិត្តកាប់សម្លាប់តែម្តង។

ផ្អែកតាមចំលើយសារភាពខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូន ជនសង្ស័យខាងលើទៅអយ្យការអមសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ​៕​ វណ្ណៈ


ចែករំលែក៖