ប៉ោយប៉ែត៖ បុរសម្នាក់គិតខ្លី សម្រេចចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯង ព្រោះប្រពន្ធសុំលែង មិនចង់ឲ្យប្តីផឹកស៊ី ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងកាលពីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ឋិតនៅក្នុងភូមិនិមិត្ត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចមូលដ្ឋានប្រាប់ថា ជនរងគ្រោះឈ្មោះលុយ ចាន់ថន ហៅ ចក់ អាយុ៣២ឆ្នាំ មានទីលំនៅ ចំណុចកើតហេតុ រីឯប្រពន្ធឈ្មោះ ធុច សុគន្ធា អាយុ27ឆ្នាំ ។
ស្ត្រីជាប្រពន្ធបានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះចងកនឹងខ្សែគោ ពណ៌ខៀវទៅនឹងរ៉ងដាផ្ទះចំខាងលើចំណុចផ្លូវឡើងទៅឡៅតឿ។
ប្រភពថា មុនកើតហេតុ ជនរងគ្រោះមុនស្លាប់បានសសេរបណ្តាំចុងក្រោយមួយច្បាប់ ទុកឲ្យមើល ដែលបណ្តាំចុងក្រោយមួយសន្លឹកដាក់ក្នុងហោប៉ាវ ធ្វើឲ្យអ្នកស្រុកអាណិតស្រឡាញ់ជនរងគ្រោះគិតថា ជាមនុស្សស្លូតហើយគ្រួសារមួយនេះ ក៏មានជីវភាពធូរធារ មានទាំងឡានដឹកដីដែលអ្នកស្រុកគិតថា មិនគួរជនរងគ្រោះគិតខ្លីបែបនេះឡើយ។ ជនរងគ្រោះមានតែ2នាក់ម្តាយកូន និ ងមានកូនប្រុស ស្រីតូច2នាក់ក្នុងបន្ទុក។
ក្នុងបណ្តាំនោះសសេរថា “អ្នកម៉ែ និងកូនៗ ខ្ញុំលាហើយ!! ខ្ញុំមិនល្អធ្វើឲ្យអ្នកទាំងអស់គ្នាលំបាក”។
ប្រភពថា មុនកើតហេតុមួយថ្ងៃ គឺនៅយប់ថ្ងៃទី១២ ខែតុលា ជនរងគ្រោះមានជម្លោះកើតឡើង ដោយប្រពន្ធសុំលែង ព្រោះតែរឿងផឹកស៊ីតិចតួចប៉ុណ្ណោះ លុះយប់១៣ ខែតុលានេះ មានសម្លេងជម្លោះកើតឡើងម្តងទៀត រហូតប្ដីប្រពន្ធនិយាយគ្នាម៉ោង២ថ្ងៃកើតហេតុ ទើបជនរងគ្រោះសុំឡើងដេកលើឡៅតឿ លុះព្រឹកឡើងស្រាប់តែភ្ញាក់ផ្អើលថា ជនរងគ្រោះចងកសម្លាប់ខ្លួនបាត់ទៅហើយ។
ក្រោយកើតហេតុ គេឃើញនគរបាលជំនាញផ្នែកបច្ចេកទេស និងគ្រូពេទ្យបានចុះដល់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យរាងកាយសព និងធ្វើកោសល្យវិច័យ។
ជាលទ្ធផល សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះពិតជាចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងមែន បន្ទាប់មកក៏ប្រគល់សពឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា