ប៉ោយប៉ែត៖ ក្រុមបក្ខពួកជនសង្ស័យ២នាក់ ប្រចាំភូមិមិត្តភាព ដែលបង្កហិង្សាដោយចេត្តនា ត្រូវកម្លាំនគរបាលក្រុងឃាត់ខ្លួនសួរនាំនាវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១២ តុលា ២០១៨ ។
អំពើហិង្សាដោយចេតនា និងគិតទុកជាមុននេះ កើតឡើងនៅចំណុចមុខសាលាមនោរម្យអន្តរជាតិ ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយក្រុមស្ទាវ៣នាក់ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយដំបង និងកាំបិត បានធ្វើសកម្មភាពស្ទាក់ វាយឈ្មោះចៀម សុជា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត មុខរបរកម្មករចុងភៅដឹកបាយឲ្យចិន បណ្តាលឲ្យរបួសបែកក្បាល ហើយក្រោយពីធ្វើសកម្មភាព ពួកជនសង្ស័យនាំគ្នាគេចខ្លួន ។
ក្រោយកើតហេតុ មានឈ្មោះចាប ចៀន អាយុ៦០ឆ្នាំ ជាឪពុកជនរងគ្រោះ បានមកកាន់ប៉ុស្តិ៍ ដាក់ពាក្យប្តឹង និងឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរក អ្នកវាយកូនគាត់ ។
ក្រោយពីទទួលពាក្យបណ្ដឹង កម្លាំងសមត្ថកិច្ច បានស្រាវជ្រាវ និងចាប់បានជនសង្ស័យធ្វើសកុម្មភាពចំនួន២នាក់ មានឈ្មោះ ឡោះ សាអី អាយុ១៨ឆ្នាំភេទប្រុស ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ជាកម្មករ និងឈ្មោះយ៉ឹង យិន អាយុ១៦ឆ្នាំភេទប្រុស នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត មុខរបរកម្មករ នាំខ្លួនជនសង្ស័យទាំង២នាក់ យកមកសាកសួរ ។
ជនសង្ស័យទាំង២នាក់បានសារភាព និងទទួលស្គាល់ថា ខ្លួន និងបក្ខពួក បានធ្វើសកម្មភាពស្ទាក់ចាំវាយលើជនរងគ្រោះពិត ប្រាកដ ។ ជនសង្ស័យឈ្មោះ ឡោះ សាអី និយាយថា តាមពិតរឿងរ៉ាងខាងលើផ្តើមចេញពីរឿងបកតែមម៉ូតូ កាលពីថ្ងៃមុនរវល់ធ្វើការ ស្រាប់តែមានគេលួចបកតែមម៉ូតូ ពេលសួរនាំឈ្មោះ ម៉ី ប្រាប់ថា ជនរងគ្រោះខាងលើជាអ្នកបកហើយថា កន្លងមក ក៏ធ្លាប់មានជម្លោះនៅកន្លែងធ្វើការជុំគ្នា រវាងជនរងគ្រោះ នឹងឈ្មោះ ម៉ី នោះផងដែរ ។
ឈ្មោះ ឡោះ សាអី បន្តទៀតថា នៅយប់កើតហេតុ ខ្លួនគ្រាន់តែចង់ចូលទៅសួរជនរងគ្រោះថា តើបានបកតែមម៉ូតូមែន ឬទេ ដឹងអីឈ្មោះ ម៉ី ទាញ់ដំបងវាយជនរងគ្រោះទៅវិញ ។
លោកវរសេនីយ៌៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតប្រាប់ថា យោងចម្លើយសួរនាំក្រោយធ្វើកំណត់ហេតុ និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២ទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ហើយជនសង្ស័យម្នាក់ទៀត ដែលកំពុងគេចខ្លួនសមត្ថកិច្ចកំពុងស្រាវជ្រាវរកផងដែរ ៕ វណ្ណា