ខេត្តកំពង់ស្ពឺ៖ បុរសជាប្តីម្នាក់ បានផឹកស្រាខាងក្រៅផ្ទះ ស្រវឹងអួទីនួដល់វិលចូលផ្ទះ ត្រូវប្រពន្ធស្តីបន្ទោសបន្តិចបន្តួច ក៏មានទោសៈស្ទុះដេញវាយប្រពន្ធរត់ចេញក្រៅរបងផ្ទះ ស្រែកឲ្យគេជួយ ហើយក៏មានយុវជនម្នាក់ ចេះឈឺឆ្អាលចេញមកជួយឃាត់ ក៏ត្រូវបុរសប្រមឹកនោះ វាយចំខ្នង១ខ្នងពូថៅ បណ្តាលឲ្យរបួសធ្ងន់ ដឹកទៅព្យាបាលនៅមន្ទីរពេទ្យ។
ហេតុការណ៍វាយអ្នកកាន់ជើងប្រពន្ឋឲ្យរបួសធ្ងន់នេះ បានកើតឡើងនៅម៉ោង៦ និង៣០នាទីព្រលប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្រែវៀន ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះឈ្មោះ ឈឹម ស្រួច ភេទប្រុស អាយុ១៩ឆ្នាំ ។ ចំណែកជនដៃដល់ឈ្មោះ សុី សុឹប ភេទប្រុស អាយុ៣៧ឆ្នាំ ពួកគេទាំង២នាក់ រស់នៅជាមួយគ្នាក្នុងភូមិកើតហេតុខាងលើ។
យោងតាមការឆ្លើយបំភ្លឺពីស្រ្តី ជាប្រពន្ធជនដៃដល់ សូមមិនបញ្ចេញឈ្មោះ បានប្រាប់សមត្ថកិច្ចថា នៅមុនពេលផ្ទុះហិង្សាក្នុងគ្រួសារ ប្តីរបស់នាងដែលជនដៃដល់ បានប្រមូលបក្ខពួកក្នុងភូមិ ទិញស្រាផឹកសុី គ្មានខ្វាយខ្វល់នឹងការងារផ្ទះទេ ។ លុះដល់ម៉ោងកើតហេតុ បានវិលចូលផ្ទះហើយនាងក៏ស្តីបន្ទោសខ្លះៗ កុំឲ្យប្តីឡើងចាងពេក ស្រាប់តែលោកប្តីគាត់ច្រឡោតខឹង ក៏ដេញវាយនាងហើយដោយឃើញប្តីនាង មានកាន់ពូថៅផង នាងក៏ស្ទុះរត់ចេញក្រៅផ្ទះស្រែកឲ្យអ្នកស្រុកជួយ។
ស្រ្តីដដែលបន្តថា នៅពេលនោះ យុវជនរងគ្រោះ ដែលរស់នៅក្បែរគ្នា បានរត់ចេញមកជួយឃាត់ដណ្តើមយកពូថៅពីប្តីនាង យកទៅលាក់ទុក ក៏មានការប្រតាយប្រតប់គ្នាហើយប្តីនាង មិនព្រមឲ្យរួចវាយចំខ្នងយុវជនរងគ្រោះ ត្រូវ១ខ្នងពូថៅបណ្តាលឲ្យគ្រាំក្នុង រងរបួសធ្ងន់ តែបើកាប់នឹងមុខពូថៅវិញ ជនរងគ្រោះអាចគ្រោះថ្នាក់ធ្ងន់លើសនេះ។
ក្រោយបង្កហេតុ ជនល្មើសមិនបានរត់គេចខ្លួនទេ ហើយពេលសមត្ថកិច្ច ចុះអន្តរាគមន៍បានបញ្ជូនយុវជនរងគ្រោះ មកកាន់មន្ទីរពេទ្យ ហើយឃាត់ខ្លួនជនដៃដល់មកកាន់អធិការដ្ឋាននគរបាល កសាងសំណរឿងចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ