ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា ជិះម៉ូតូលឿនមិនប្រយ័ត្ន រេចង្កូតជ្រុលទៅបុកឃឿនពុះចែកទ្រូងផ្លូវ បណ្តាលឲ្យហោះទៅបុកលូដាក់ដាំដើមផ្កាបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចក្បែរនឹងរោងចក្រម៉្សៅមី “ម៉ែនសារុន” ស្ថិតនៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ រុន នីរឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ជាមន្ត្រីស្មគ្រ័ចិត្ត មានស្រុកកំណើតនៅ ភូមិដីដុះ ឃុំព្រែកតាទែង ស្រុកពញ្ញាឮ ខេត្តកណ្តាល។
បើតាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាក Smash ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ 1-1234 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតជ្រុលទៅបុកឃឿនពុះចែកទ្រូងផ្លូវ បណ្តាលឲ្យហោះម៉ូតូទៅបុកនឹងថូរផ្កាដែលដាក់ដាំនៅលើសួនពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ ចំណែកម៉ូតូវិញ រងការខូចខាតតិចតួចតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចវាសវែងយកម៉ូតូជនរងគ្រោះទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារសាច់ញ្ញាតដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ ចាន់ធឿន