ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូមួយគ្រឿងបត់ឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀត បុកពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និង២នាក់ទៀត របួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង២នាក់ទៀត ទទួលរងរបួសធ្ងន់ ខណៈដែលម៉ូតូមួយគ្រឿង បើកបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀត បើកដោយល្បឿនលឿន បុកពេញមួយទំហឹង កាលពីថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៧និង១០នាទី លើផ្លូវលេខ១១០ ស្ថិតនៅក្នុងភូមិព្រែកម្រេញ ឃុំពោធិបាន ស្រុកកោះធំ ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ ឆៃគ្រី ខុម ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រឡោកបែក ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Z-0404 មានអ្នករួមដំណើរម្នាក់ឈ្មោះ ផេង ខ្លេ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិ/ឃុំជាមួយគ្នា (រងបរួសធ្ងន់) ។ ចំណែកភាគីម៉ូតូម្ខាងទៀត ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1GB-0526 បើកបរដោយឈ្មោះ ស៊ឹម ខន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិព្រែកម្រេញ ឃុំពោធិបាន ស្រុកកោះធំ (រងរបួសធ្ងន់) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នា២០១៦ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១១០ បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុ ក៏បត់ឆ្វេងឆ្លងផ្លូវចូលផ្ទះ ខណៈនោះក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៨ បើកដោយល្បឿនលឿនស្របទិសគ្នា បានបុកម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៦ពេញមួយទំហឹង បណ្ដាលឲ្យម៉ូតូជនរងគ្រោះស៊េរីឆ្នាំ២០០៨រេចង្កូតទៅបុករបាំងថ្ម ធ្វើឲ្យជនរងគ្រោះជាអ្នកបើកបរបោកក្បាលដាច់ខ្យល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នករួមដំណើរនិងម្ចាស់ម៉ូតូភាគីម្ខាងទៀតទទួលរងរបួសធ្ងន់ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ រីអ្នកមធ្យោយបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ចុះវាស់វែង និងកសាងឯកសារយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

ការសន្និដ្ឋានរបស់សមត្ថកិច្ចបញ្ជាក់ថា ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ បើកបត់ឆ្វេងមិនផ្តល់សញ្ញាឲ្យអ្នកបើកបរពីក្រោយបានដឹង រីឯអ្នកបើកបរម៉ូតូស៊េរីឆ្នាំ២០០៨ បើកបរមានល្បឿនលឿនមិនអាចគ្រប់គ្រងស្ថានភាពបាន ៕ ស្អាងជ័យ


ចែករំលែក៖