ភ្នំពេញ៖ បុរសម្នាក់ដែលគេងតែងតែឃើញផឹកស្រាស្រវឹងរាល់ថ្ងៃ បាត់ពីផ្ទះ៧ថ្ងៃត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ អណ្តែតទឹកក្នុងប្រឡាយទឹកស្អុយ អូវែង មានសភាពស្អុយរលួយបង្កឲ្យមានការផ្អើលកាលពីវេលាម៉ោង ០៧និង៣០នាទី ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ចំណុចក្នុងទឹកប្រឡាយអូវែងផ្លូវបេតុងវត្តទួល ក្រុមទី១៣ ភូមិក្រោគោល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
សពឈ្មោះ ចិន រតន: ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្លូវបេតុងវត្តទួល ក្រុមទី១១ ភូមិក្រោគោល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា បុរសខាងលើបានបាត់ខ្លួនតាំងពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ មកម្ល៉េះ តែម្តាយដើររកមិនឃើញ ទើបនៅថ្ងៃទី១៣ខែដដែលបានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលគីឡូម៉ែត្រលេខ៦ ហើយរហូតដល់ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ទើបប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវនោះឃើញនៅកន្លែងកើតហេតុ។
តាមប្រភពពីសាច់ញាតិសពជនរងគ្រោះបានឲ្យដឹងថា គាត់ជាបុរសពោះម៉ាយបែកបាក់គ្រួសារជាយូរឆ្នាំមកហើយគ្មានកូននោះទេ។
ប្រភពដដែលបន្តថា តាំពីថ្ងៃបាត់ខ្លួនមកក្រុមគ្រួសារដើររកដែរ តែរកមិនឃើញ ទើបតែនៅព្រឹកនេះមានប្រជាពលរដ្ឋភ្ញាក់ផ្អើលថា ឃើញសពមនុស្សទើបគាត់មកមើលតែម្តង។
ប្រភពដដែលបន្តថា កាលគាត់នៅរស់តែងតែផឹកស្រា និងទឹកត្នោតជូរជាប្រចាំស្រវឹងរាល់ថ្ងៃ។
ក្រោយពេលមានការណ៍ភ្ញាក់ផ្អើល សមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ និងទាក់ទងសមត្ថកិច្ចជំនាញចុះពិនិត្យក្រោយពីពិនិត្យសាកសពរួច ខាងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងពេទ្យតុលាបានបញ្ជាក់ថា សពពិតជាស្លាប់ដោយសារលង់ទឹក។
បច្ចុប្បន្នសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី នៅវត្តទួលអស់លោកក្បែរកន្លែងកើតហេតុ ៕ អរុណរះ