ភ្នំពេញ៖ ក្រុមការងារចុះបោះបង្គោល និង ស្រង់ស្ថិតិការរំលោភកាន់កាប់ផ្ទៃបឹងសំរោង ដឹកនាំដោយស៊ឹម សុផង់នាយករដ្ឋបាលខណ្ឌតំណាងអោយ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ ជាប្រធានក្រុមការងារ បានចុះបោះបង្គោលកំណត់ព្រំផ្ទៃបឹងសំរោង នៅព្រឹកថ្ងៃទី១៥ខែតុលាឆ្ននេះំ២០១៨ ជាមួយមន្ដ្រីជំនាញដែលជាសមាជិកក្រុមការងារដើម្បីរក្សាបាននូវភាពសុក្រឹត្យក្នុងការវាស់វែងឲ្យបានត្រឹមត្រូវ និងឈានទៅទប់ស្កាត់ការរំលោភកាន់កាប់ផ្ទៃបឹងដោយខុសច្បាប់ ដែលស្ថិតនៅ ក្នុងភូមិសាស្ដ្រ សង្កាត់សំរោង និងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
លោកស៊ឹម សុផង់បានអោយដឹងថា ប៉ុន្មានថ្ងៃមកនេះក្រុមការងារបានធ្វើការចុះដាំបង្គោលបានចំនួន៣៣បង្គោលរួចហើយនិងនៅសល់ចំនួន១៥បង្គោលទៀតទើបបញ្ចប់ទាំងស្រុង គួរបញ្ជាក់ថា ការចុះបោះបង្គោលកំណត់ព្រំផ្ទៃបឹងសំរោងនេះ យោងតាម ប្លង់ និងនិយាមការនៃអនុក្រឹត្យលេខ៦៥ អនក្របក ដែលបានកំណត់ព្រំបឹងកាលពីឆ្នាំ២០០៨ គឺខុសនឹងប្រព័ន្ធប្រថពីវិភាគរបស់ក្រសួងដែនដីរូបនីយកម្មសំណង់និងសុរិយោដី ធ្វើឲ្យទីតាំងនៃប្លង់ទាំង២ មានភាពលំអៀងគ្នាបន្ដិច ។ប៉ុន្ដែឥឡូវនេះ ដោយមានការឯកភាពពីមន្ដ្រីជំនាញ របស់ក្រសួងដែនដីរូបនីយកម្មសំណង់និងសុរិយោដី ចំនួន២រូប និង ត្រឹមត្រូវជាមួយនឹងមន្ដ្រីជំនាញរបស់សាលាររាជធានីភ្នំពេញ ក្រុមការងារបានសម្រេចយកប្រព័ន្ធនិយាមការ ដោយបំលែងពីនិយាមការ INDIAN-THAILAND មកជាប្រព័ន្ធ WGS-84វិញ យកជាឯកសារផ្លូវច្បាប់ និងចាប់ដំណើរការបោះបង្គោលកំណត់ព្រំតែម្ដង។
បង្គោលកំណត់ព្រំផ្ទៃបឹងនេះ សរុបមានចំនួន៤៨ បង្គោល ដែលបង្គោលទី១គឺនៅក្រោយរបងសាលាខណ្ឌព្រែកព្នៅ ចំងាយ ៧០ម៉ែត្រ ។ប៉ុន្ដែដោយសារពីបង្គោលទី១ ទៅបង្គោលទី២ មានរយៈចម្ងាយឆ្ងាយពេកក្រុមការងារបានបោះបង្គោលបន្ថែម ចំនួន២ទៀតដើម្បីឲ្យមានភាពងាយស្រួលក្នុងការវាស់វែង។
ក្នុងប្រតិបត្តិការណ៍ ព្រឹកម៉ិញនេះ ក្រុមការងារ បានដៅចំណុចគោល បាន៣៣បង្គោលរួចមកហើយ ។ចំណុចបង្គោលទាំងនោះ ខ្លះនៅលើគោក និងខ្លះទៀត គឺស្ថិតក្នុងទឹកបឹងដែលធ្វើឲ្យការបោះបង្គោលមានការយឺតយ៉ាវ ។ ក្រុមការងារបោះបង្គោល បានឲ្យដឹងដែរថា បើការងារនេះប្រព្រឹត្តិទៅដោយរលូននោះ យ៉ាងយូររយៈពេល១សប្ដាហ៍ ដោយត្រូវប្រើគ្រឿងចក្រនិងសាឡង់ផងនោះនឹងបានរួចរាល់។
គួរបញ្ជាក់ថា បើតាមអនុក្រឹត្យលេខ៦៥ អនក្របក ចុះថ្ងៃតី០៩ ខែមិថុនាឆ្នាំ២០០៨ ក្រឡាផ្ទៃបឹងសំរោង មានទំហំ ៣៣៦ហិកតា ដែលក្នុងទំហំដីនេះ មានការរំលោភកាន់កាប់ផ្ទៃបឹង មកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ពីសំណាក់ប្រជាពលរដ្ឋមួយចំនួន ៕ធឿនព្រែកជ័យ