ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សាជិះម៉ូតូឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះ កាលពីម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សង្ស័យទាំង ២នាក់ ទី១-ឈ្មោះ សុខ ចាន់ថា ហៅថា អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខអា១៦ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់ឬស្សីកែវ និងទី២-ឈ្មោះ ចាន់ ដាវីត ហៅអាវី ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ។
លោក ទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញ បានប្រាប់ឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំង ២នាក់នេះ កម្លាំងសមត្ថកិច្ចរបស់យើងបានដាក់គោលដៅល្បាតពួនស្ទាក ស្រាប់មានជនសង្ស័យ ២នាក់ជិះម៉ូតូ មួយគ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HF-2735 ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីជនជាតិអាមេរិកម្នាក់បានសម្រេច ភ្លាមនោះជនរងគ្រោះបានស្រែកឆោឡោ ហើយត្រូវបានកំលាំងល្បាតរបស់ខណ្ឌ នឹងកម្លាំងឈរគោលដៅរបស់ប៉ុស្តិ៍ រួមទាំងសណ្តាប់សាលាខណ្ឌដែលនៅក្បែរនោះ ឃើញហេតុការណ៍ ក៏បានបើកម៉ូតូប្រដេញ បណ្តាលឲ្យជនសង្ស័យទាំង ២នាក់ភ័យ បើកម៉ូតូរ៉េចង្កូតដួល ហើយត្រូវបានកម្លាំងនគរបាលយើងឃាត់ខ្លួនជនសង្ស័យទាំង ២នាក់យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលនជ័យជំនះ ។
ជនសង្ស័យទាំង ២នាក់ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ