ប៉ោយប៉ែត៖ សពបុរសម្នាក់ ត្រូវបានគេរាយការណ៍ប្រាប់សមត្ថកិច្ចថា បានប្រទះឃើញដេកស្លាប់ក្នុងគុម្ពស្រូវ កាលពីវេលាម៉ោង១២និង១៥នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ក្បែរផ្លូវជាតិលេខ៥ ចំណុចសាលាអិនតាំ ស្ថិតក្នុងភូមិទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័័យ ។
លោកសិទ្ធ ឡោះ ស្នងការរង ទទួលផែន នគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា៖ សពជនរងគ្រោះ មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ សពមានអាយុប្រហែល៣០ឆ្នាំ សម្បុរខ្មៅស្រអែម កម្ពស់ ១,៦៣ម៉ែត្រ ស្លៀកខោ ខូវបូយ អាវផ្កា មានចាក់សាក់លើដើមទ្រូងសងខាង ។
លោក បានបញ្ជាក់ថា៖ សពជនរងគ្រោះ ត្រូវបានគេសម្លាប់ រួចយកទៅទម្លាក់ចោលនៅគុម្ពស្រូវ តាមការត្រួតពិនិត្យជនរងគ្រោះសង្ស័យជាករណីឃាតកម្មនេះ ដែលបានកើតឡើងនៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ លុះវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ រួចរាយការណ៍មកសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យមើលឃើញដូចករណីប្រជាពលរដ្ឋប្រាប់មែន ។ ចំពោះករណីឃាតកម្មនេះ សមត្ថកិច្ចនៅមិនទាន់ដឹងថា ជាករណីគំនុំ និងជាករណីប្លន់ ឬ ជាករណីពាលស៊ីពាលនោះទេ ។ នៅពេលនេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវរកមុខសញ្ញាឃាតក ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ បើសិនជាឈាមស្រែកស្បែកហៅ ជនប្រព្រឹត្តក្នុងករណីនេះ មិនអាចរត់រួចពីសំណាញ់ច្បាប់នោះឡើយ ។
លោកស្នងការរង ក៏បានអំពាវនាវដល់ បងប្អូនបើបានស្គាល់សពជនរងគ្រោះ សូមមេត្តា ប្រាប់សាច់ញាតិ បងប្អូនសព មកទទួលយកសពផង ខណៈបច្ចុប្បន្នកំពុងតម្កល់ទុកនៅវត្តទឹកថ្លា ៕ វណ្ណា