ខេត្តកំពត ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៣និង៣០នាទី រសៀល រវាងរថយន្ត LEXUS RX300 នឹងម៉ូតូបើកបរបញ្ច្រាសទិសគ្នាលើកំណាត់ផ្លូវជាតិលេខ៣A ស្ថិតនៅភូមិបឹងនិមល ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពតនៅចន្លោះគីឡូម៉ែត្រលេខ១១៣ និងលេខ១១៤ បណ្តាលឲ្យយុវតីក្រមុំស្រស់ស្អាត២នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ។ ក្នុងនោះមានម្នាក់ជា កូនរបស់លោក នាក់ អេល អធិការរង ទទួលផែនសន្តិសុខនៃអធិការដ្ឋានស្រុកឈូកផងដែរ ។
ប្រភពច្បាស់ការណ៍នៅកន្លែងកើត ហេតុបានឲ្យដឹងថាអ្នកបើកបររថយន្តបង្កម៉ាក LEXUS RX300 ខាងលើនេះលោក ហ៊ុយ សុភ័ក្រ អភិបាលរងស្រុកដងទង់ ។ មុនកើតហេតុ គេឃើញរថយន្តបង្កខាងលើនេះបើកបររេចង្កូតពេញផ្លូវធ្វើដំណើរមកពីខេត្តកំពតទៅស្រុកឈូកហើយត្រូវបានគេសង្ស័យថា បើកបរស្ថិតក្នុងស្ថានភាពស្រវឹងបានរេចង្កូតចូលទៅឆ្វេងដៃបុកម៉ូតូទាំង កំរោលបណ្តាលឲ្យក្មេងស្រីក្រមុំ២នាក់ ស្លាប់យ៉ាងអាណោចអាធ័ម ។
បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចណ៍ភ្លាមៗ រថយន្ដបង្កបានបន្តដំណើរទៅផ្ទះរបស់ខ្លួននៅឯជិតផ្សារឈូកជាធម្មតាជា។មួយគ្នានោះផងដែរ កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ បានកំណត់មុខសញ្ញាស្រាវ ជ្រាវរករថយន្តបង្កខាងលើចតនៅមុខផ្ទះលោក ហ៊ុយ សុភ័ក្រ អភិបាលរងស្រុកដងទង់តែស្លាកលេខរថយន្តត្រូវបានដោះ ចេញបាត់ហើយ ។
ចំណែកសមត្ថកិច្ចចរាចរផ្លូវគោកម្នាក់នៅអធិការនគរបាលស្រុកឈូក ក៏បានឲ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងដូចប្រភពប្រជាពលរដ្ឋលើកឡើងខាងលើដែរថាគឺរថយន្តបង្កនេះជារថយន្តរបស់លោក ហ៊ុយ សុភ័ក្រ អភិបាលរងស្រុកដង ទង់មែន ។ រថយន្ដបង្កខាងលើ ម៉ាក LEXUS RX300 បានបង្កគ្រោះ ថ្នាក់ចរាចរណ៍ គឺភាគីបង្កខាងលើបានបុកម៉ូតូនៅលើ ចិញ្ចើមផ្លូវម្ខាងទៀត ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះត្រូវបានមហាជនលេងបណ្តាញសង្គមហ្វេស បុក និងប្រជាពលរដ្ឋនៅកន្លែងកើតហេតុរិះ គន់ចំៗ ចំពោះលោក ហ៊ុយ សុភ័ក្រ ដែល ជាមន្ត្រីរាជការម្នាក់មានការគោរពពីប្រជាពលរដ្ឋយ៉ាងជ្រាលជ្រៅ ហើយក៏ជាមន្ត្រី អនុវត្តច្បាប់គោរពច្បាប់ចរាចរណ៍ជាង ប្រជាបលរដ្ឋដែរ ។ តែផ្ទុយទៅវិញលោកបើកបរក្នុងស្ថានស្រវឹងហើយបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋទៀត ហើយលោកហាក់មិនទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួននោះឡើយ ។
លោក ពុធ ស៊ឺង ប្រធានការិយាល័យ ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពតបានឲ្យដឹងនៅថ្ងៃអាទិត្យ ៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ដោយ លោកមិនបានបញ្ជាក់ដំណើររឿងហេតុពិតប្រាកដទេ។ ដោយលោកបាន ឆ្លើយថាចរាចរណ៍ស្រុកឈូកជាអ្នកដោះស្រាយរហូតមកដល់ថ្ងៃទី១៤ ខែតុលា នេះលោកមិនទាន់បានដឹងច្បាស់នៅ ឡើយទេ ។
ចំណែកលោក នាក់ អេល អធិការរង ទទួលផែនសន្តិសុខនៃអធិការដ្ឋាននគរ បាលស្រុកឈូក ហើយក៏ត្រូវជាឪពុកសពក្មេងស្រីរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យស្លាប់ក្មេងស្រី២នាក់ក្នុងនោះ រួមទាំងកូនរបស់លោកផង ទី១-ឈ្មោះ សេង ស្រីនិច អាយុ១៩ឆ្នាំ រស់នៅភូមិត្រពាំង ស្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ជាអ្នកបើកបរម៉ូតូម៉ាកហុងដាC125ពណ៌ខ្មៅ ស្លាកលេខកំពត 1N-4365 ស្លាប់នៅ កន្លែងកើតហេតុ ។ ចំណែកអ្នករួមដំណើរម្នាក់ទៀតជាកូនរបស់គាត់ គឺឈ្មោះ ឡឹង ហ្លាភ ហៅ (ស្រីលាភ) អាយុ១៨ឆ្នាំ រស់ នៅភូមិ-ឃុំជាមួយគ្នាស្លាប់នៅកន្លែងកើត ហេតុ ។
លោកបានបន្តថា ក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍នេះលោកមិនចង់បានសំណងជាប្រាក់ទេ គឺលោកចង់ឲ្យលោក ហ៊ុយ សុភ័ក្រ ទទួលកំហុស ដែលលោកជាមន្ត្រីថ្នាក់ដឹកនាំមួយរូបបើកបរក្នុងស្ថានភាព ស្រវឹងបង្កគ្រោះថ្នាក់ដល់អ្នកដទៃហើយ បែរជាបើករថយន្តរត់គេចខ្លួនទៀត ។
ចំពោះវត្ថុតាងត្រូវបានសមត្ថកិច្ចយក មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឈូកដើម្បីឲ្យអ្នកបង្កចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ ។
គួរបញ្ជាក់ថា ករណីចរាចរណ៍ខាងលើ នេះមានអាថ៌កំបាំងនៅពីក្រោយយ៉ាងស្មុគស្មាញ ពីព្រោះមន្ត្រីជំនាញស្រុកឈូកនិងប្រធានការិយាល័យចរាចណ៍បានលាក់បាំងគាំទ្រខាងភាគីជនបង្ក។ ខណៈដែលអ្នក ព័ត៌មានដេញដោលមិនមានមន្ត្រីជំនាញណាបញ្ជាក់ឡើយ ។ សាលាក្នុងរបាយការណ៍របស់ស្រុកបញ្ជាក់ជូនប្រធានការិយាល័យចរាចណ៍នៃស្នងការដ្ឋាននគរបាលខេត្តមិនបាន បញ្ជាក់ឈ្មោះអ្នកបង្កឡើយ។
រឿងនេះមហាជនជាច្រើនរង់ចាំមើល ចំណាត់ការពីអ្នកអនុវត្តច្បាប់ប្រកបដោយ ដោយយុត្តិធម៌ ៕ ហេង សូរិយា