ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមឈ្មួញដឹកសាច់មាន់ខូចគុណភាពពីប្រទេសថៃ ចូលកម្ពុជាថា បង់ខែឲ្យមន្ត្រីជំនាញ តែមន្ត្រីជំនាញបដិសេធ

ចែករំលែក៖

ប៉ោយប៉ែត៖ ជារៀងរាល់ថ្ងៃ គេឃើញក្រុមឈ្មួញរកស៊ីដឹកសាច់មាន់ ជង្គង់មាន់ ឆ្អឹងមាន់ គ្រប់ប្រភេទ រួមទាំងពោះជ្រូកផងនោះ បានដឹកពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត តាមរទេះបង្កប់ក្រោមបន្លែ មកចែកចាយទៅតាមទីផ្សារ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមួយថ្ងៃៗ រាប់សិបរទេះដែក និងរទេះឈើ មិនដែលឃើញមន្ត្រីជំនាញកាំកុងត្រូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត យកចិត្តទុកដាក់បង្ក្រាបឡើយ ដោយគេសង្ស័យ ក្រុមឈ្មួញបង់ប្រាក់ប្រចាំខែ ខណៈសុខភាពពលរដ្ឋបច្ចុប្បន្ន ទាំងអ្នកមាន អ្នកក្រ រត់រកពេទ្យក្នុង និងក្រៅប្រទេសរាល់ថ្ងៃ ដោយសារបញ្ហាសុខភាពទទួលទានបន្លែ ត្រីសាច់នាំចូលពីប្រទេសជិតខាង ដែលបង្កប់ទៅដោយជាតិប៉ូរ៉ាក់ មកពីការធ្វេសប្រហែសរបស់មន្ត្រី ។

ប្រភពពីក្រុមឈ្មួញអ្នកចេញចូលផ្សាររុងក្លឿ ស្រុកអារញ្ញ ទឹកដីថៃប្រាប់ថា រាល់ថ្ងៃ សាច់មាន់ប្រហិត និងពោះជ្រូកឆ្លងកាត់ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ច្រើនណាស់ ហើយថា ការវេចខ្ចប់ដឹកចេញមានគ្រប់រូបភាព ខណៈមន្ត្រីជំនាញមិនដែលខ្វល់ នឹងពិនិត្យមើលរទេះដឹកទំនិញចូលពីថៃផងនោះ បណ្ដោយឲ្យកូនចៅរបស់ខ្លួនចាំកត់ក្បាលរទេះបង់ប្រាក់ប្រចាំខែ ទើបពួកគាត់នាំចូលមកបាន ។

មន្ត្រីកាំកុងត្រូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហាក់ស្ងាត់ស្ងៀមមួយរយៈ តែនៅពេលចុងក្រោយនេះ បីដូចជាមានសកម្មភាពត្រួតពិនិត្យបន្ទាប់ពីមន្ត្រីជាន់ខ្ពស់បម្រុងដកតំណែង និងមានយកប្រាក់រត់ការបិទមាត់អ្នកសារព័ត៌មានច្រើនសន្ធឹកសន្ទាប់ទៀតផង។

ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ លោក សាន វិជ្ជាសារ៉ាវុធ ធ្លាប់ប្រាប់ក្រុមអ្នកព័ត៌មានថា រដ្ឋមន្ត្រីក្រសួងកសិកម្មមិនបានហាមឃាត់ពីការនាំចូលសាច់សត្វ ពីប្រទេសជិតខាងទេ ពោលគឺមានទាំងច្បាប់អនុញ្ញាត ឲ្យដឹកថែមទៀត ដោយសារម្ហូបអាហារលើទីផ្សារផ្គត់ផ្គង់មិនគ្រប់គ្រាន់តាមតម្រូវការ ។ លោកថា លើកលែងតែសាច់ទាំងនោះ មិនបានវេចខ្ចប់ត្រឹមត្រូវ ឬគ្មានការក្លាស្សេទឹកកកតាមស្តង់ដា បើឃើញគឺចាប់ហើយ។

ប្រភពបង្ហើបថា ដោយសង្ស័យសំអាងលើហេតុផលនេះហើយ បានជាមន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ទាំងមេ ទាំងកូន ពិសេសនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតយូរៗបង្ក្រាបម្ដង។

លោក សាន វិជ្ជាសារាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានប្រាប់តាមទូរស័ព្ទថា ចំពោះក្រុមឈ្មួញដែលថា បង់ប្រាក់ជាខែ និងថ្នូរនាំសាច់មាន់ពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកទ្វារខាងលើនោះ លោកមិនបានដឹងឡើយ។

លោកថា ក្នុងមួយថ្ងៃទៅមួយថ្ងៃ លោកបានពង្រឹងអ្នកដែលនៅត្រួតពិនិត្យផ្នែករទេះ ហើយលោកជាប្រធានគ្រប់គ្រងរួម ដូច្នេះផ្នែករទេះមានអ្នកនៅប្រចាំគោលដៅ និងផ្នែករទេះរបស់គេ ប៉ុន្តែលោកតែងតែប្រជុំផ្សព្វផ្សាយជារៀងរាល់លើក ត្រូវតែទប់ស្កាត់ជាចាំបាច់ហើយឲ្យសកម្មបំផុត ព្រោះលោកមិនអាចទៅធ្វើការនេះផ្ទាល់បានឡើយ ព្រោះលោកជាប្រធាន ៕ វណ្ណា





ចែករំលែក៖