បុរសម្នាក់ឈ្មោះ សៀង ស៊ីណា ត្រូវជាប្អូនប្រុសអតីតមេបញ្ជាការយោធាខេត្ត បង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំងសម្រាប់មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តនេះ នៅគ្រាដែលគាត់អាចឈរជើងបានយ៉ាងរឹងមាំ ក្នុងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើទោះបីជាគាត់ខ្សត់ចំណេះដឹង យ៉ាងណាក៏ដោយ ។ ក្រសួងបរិស្ថានតាំងពីជំនាន់លោកម៉ុក ម៉ារ៉េត បានដកតំណែង តួនាទីលោកសៀង ស៊ីណា ច្រើនលើកច្រើនគ្រា ប៉ុន្តែ លោកសៀង ស៊ីណា នៅតែអាចត្រឡប់វិលមកកាន់តំណែងការងារក្នុងមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរីវិញបានដដែល ។ បានដដែល ក៏ព្រោះតែអំណាចទឹកប្រាក់ជាមួយថ្នាក់ដឹកនាំខេត្តនេះឯង ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជំនាន់លោកម៉ុក ម៉ារ៉េត បុគ្គលឈ្មោះ សៀង ស៊ីណា ត្រូវបានដកដោយបង្ខំឲ្យទៅអានកាសែតនៅទីស្តីការក្រសួងបរិស្ថាន ។ ប៉ុន្តែដោយសៀង ស៊ីណា មិនចេះអានអក្សរ ក៏បានរកវិធីត្រឡប់មកខេត្តមណ្ឌលគិរីវិញ ដោយបានតួនាទីជាអនុប្រធានមន្ទីរ ។ ក្នុងនាមជាមន្ត្រីដែលមានការចេះដឹងតិចតួច ប៉ុន្តែមានមហិច្ឆតាចង់ធ្វើធំ នាំឲ្យមានកំហុសជាច្រើន ទើបក្រសួងបរិស្ថានសម្រេចដកលោកសៀង ស៊ីណា ពីអនុប្រធានមន្ទីរឲ្យមកជាមន្ត្រីធម្មតា ។ ក្រោយមក ដោយសារមានបញ្ហាម្តងទៀត លោកសៀង ស៊ីណា បានផ្ទេរចេញពីក្រសួងបរិស្ថាន ទៅនៅក្រសួងមហាផ្ទៃ ។ បានមួយចំអិនកំពិស លោកបានវិលត្រឡប់មកវិញ ក្នុងនាមជាអនុប្រធានការិយាល័យ ដែនជម្រកសត្វព្រៃកែវសីមា ដែលមានការចុះហត្ថលេខាកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ របស់លោកអភិបាលខេត្តស្វាយ សំអ៊ាង ។
សាលាខេត្តមណ្ឌលគិរីក្នុងសំណុំរឿងនេះ ញាំងឲ្យមានការចាប់អារម្មណ៍ជាច្រើនចំពោះការលូកដៃកកូរកកាយបញ្ហាផ្ទៃក្នុងនៅតាមមន្ទីរ ។ ការដក ដាក់មន្ត្រីនៅក្នុងមន្ទីរបរិស្ថាន បណ្តាលឲ្យបាត់ឈ្មោះមន្ត្រីម្នាក់ ដែលមានកាំប្រាក់ និងតួនាទីត្រឹមត្រូវ ដែលក្រសួងមុខងារសាធារណៈទទួលស្គាល់ ។ គេមិនដឹងថា តើបែបបទការងាររបស់សាលាខេត្តមណ្ឌលគិរីយ៉ាងណានោះទេ ទើបបានជាលេបឈ្មោះមន្ត្រីម្នាក់ ដែលមានតួនាទីនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ប៉ុន្តែនៅក្នុងដីកាតែងតាំងថ្មី ចុះហត្ថលេខាដោយលោកអភិបាលខេត្ត មិនឃើញឈ្មោះមន្ត្រីនោះទេ ។ គេមិនដឹងថា តើអំណាចឥទ្ធិពលលុយរបស់បុគ្គល សៀង ស៊ីណា ធ្វើឲ្យបាត់ឈ្មោះមន្ត្រីម្នាក់នោះឬយ៉ាងណា?
មន្ត្រីរាជការខេត្តមណ្ឌលគិរីនិយាយថា ចំណាត់ការរបស់ថ្នាក់ដឹកនាំខេត្តនេះមិនបានគោរពតាមផ្លូវច្បាប់នោះទេ ។ ជាក់ស្តែងការលេបឈ្មោះមន្ត្រីម្នាក់ គឺជារឿងដែលថ្នាក់ដឹកនាំខេត្តមានចេតនា ។ គេរំពឹងថា ក្រសួងមហាផ្ទៃពិនិត្យមើលលទ្ធភាពដឹកនាំការងាររបស់លោកស្វាយ សំអ៊ាងនោះផង ។ ពីព្រោះថា ក្រៅពីធ្វើឲ្យមន្ត្រីរាជការ ថ្នាំងថ្នាក់ ការដឹកនាំមិនមានប្រសិទ្ធភាពទាល់តែសោះក្នុងការបង្ក្រាបបទល្មើសព្រៃឈើ ។ មិនតែប៉ុណ្ណោះ គេខ្សឹបខ្សៀវពេញខេត្តថា បងប្អូនកូនក្មួយរបស់លោកអភិបាលខេត្ត ជាប់ជំពាក់ជំពិនជាមួយនឹងរបររកស៊ីខុសច្បាប់នេះ ៕