ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូជែងរថយន្តក្រុងទាក់ដៃចង្កូតដួលម៉ូតូបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បើកម៉ូតូជែងរថយន្តក្រុងបើកនៅខាងមុខមិនផុត បណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់។

ហេតុការណ៍នេះ កើតឡើងកាលពីម៉ោងជាង៩យប់ ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវម៉ៅសេទុងខាងមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ក្រុងភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលហេតុកើត គេឃើញរថយន្តក្រុងមួយគ្រឿងមិនចាំស្លាកលេខបើកបរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដា Zoomer-x ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HC-8400 បើកបរដោយបុរសម្នាក់ស្របទិសដៅគ្នាមកពីក្រោយបានជែងរថយន្ត តែមិនផុតបណ្តាលទាក់ដៃចង្កូតដួលបោកនឹងថ្នល់រងរបួសធ្ងន់ ហើយត្រូវបានសាច់ញាតិ បើករថយន្តមួយគ្រឿងមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានប្រគល់ម៉ូតូជនរងគ្រោះទៅឲ្យសាច់ញាតិយកត្រឡប់ទៅផ្ទះវិញ ៕ ជ្រោយពេជ្រ


ចែករំលែក៖