ភ្នំពេញ៖ ក្មេងស្រីម្នាក់ និងស្ត្រីចំនាស់ម្នាក់បានសន្លប់បាត់ស្មារតី ក្រោយពីមាននគរបាលសុីវ័លចុះចាប់មនុស្សប្រុសស្រី២នាក់ ហើយផ្ទុះអាវុធចំនួន៦គ្រាប់ក្បែរខ្លួន បណ្ដាលឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាបងប្អូនខ្មែរឥស្លាម នៅវេលាម៉ោង៩ ប្រមាណជា៤០នាទីយប់ ថ្ងៃអង្គារ៍ ទី១៦ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចភូមិព្រែកតាពៅ (ទល់មុខវិហារឥស្លាម) សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមសម្ដីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីជនជាតិវៀតណាមម្នាក់ បានដើរចូលមកក្នុងភូមិកើតហេតុខាងលើ មួយសន្ទុះក្រោយមកស្រាប់តែមានកម្លាំងសមត្ថកិច្ចចម្រុះមួយក្រុម ស្លៀកពាក់ស៊ីវិល ពាក់មួកសុវត្ថិភាពបាំងមុខជិត មានទាំងរថយន្តមានទាំងម៉ូតូ មិនដឹងថាតាមនារីជនជាតិវៀតណាមខាងលើមកពីណាទេ ក៏ឆ្មក់ចូលមកតាមក្រោយ ចំណែកឯនារីជនជាតិវៀតណាមរូបនោះ បានរត់ឡើងផ្ទះប្រជាពលរដ្ឋ ទើបកម្លាំងសមត្ថកិច្ចចម្រុះទាំងនោះរត់ដេញតាមចាប់បានមនុស្សស្រីម្នាក់និងយុវជនម្នាក់ទៀត ដាក់ខ្នោះជាប់គ្នា រួចបម្រុងនាំខ្លួនចេញក្រៅ ស្រាប់តែប្រជាពលរដ្ឋដែលនៅក្បែរនោះមកឃើញទាន់ ក៏ស្រែកឆោឡោឡើងបង្កការភ្ញាក់ពេញមួយភូមិ នាំគ្នារត់មករារាំងសមត្ថកិច្ចមិនអោយនាំខ្លួនចេញទៅ ដោយសារតែប្រជាពលរដ្ឋច្រើនពេកនិងព្យាយាមរារាំងមិនឲ្យនាំយុវជនប្រុសស្រីទាំង២នាក់នោះចេញ ទើបសមត្ថកិច្ចបាញ់ឡើងលើ៣គ្រាប់ ដើម្បីគំរាមប្រជាពលរដ្ឋ តែនៅមិនអាចបំបែកបាន ទើបសមត្ថកិច្ចបន្តបាញ់ឡើងលើ៣គ្រាប់ផ្ទួនៗគ្នាទៀត ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមានការភិនភ័យ នាំគ្នាស្រែកឆោឡោឡើង ធ្វើឲ្យក្មេងស្រីម្នាក់ និងស្ត្រីចំនាស់ម្នាក់សន្លប់ស្ដូកស្ដិងតែម្ដង ។
ដោយឃើញបែបនេះសមត្ថកិច្ចចម្រុះទាំងនោះ នាំគ្នាដកខ្លួនចេញពីកន្លែងកើតហេតុបាត់អស់ដោយបន្សល់ទុកយុវជនប្រុសស្រីទាំង២នាក់ជាប់ខ្នោះនៅកន្លែង ព្រមទាំងសំបកផ្ទុះផងដែរ ។
ក្រោយពីសមត្ថកិច្ចស្លៀកពាក់ស៊ីវិលទាំងនោះ ចេញបាត់អស់ទៅ គេឃើញមានកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ និងសមត្ថកិច្ចប៉ុស្តិ៍ព្រែកប្រា ព្រមទាំងកងរាជអាវុធហត្ថខណ្ឌ បានចុះមកធ្វើការសាកសួរ រួចដំណើររឿងហេតុ និងជួយទាក់ទងហៅរថយន្តសង្គ្រោះឲ្យមកដឹកអ្នកដែលសន្លប់យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ។
ពាក់ព័ន្ធក្នុងករណីផ្ទុះអាវុធខាងលើនេះ លោកនាយប៉ុស្តិ៍នគរបាលព្រែកប្រា បានប្រាប់ថា លោកមិនដឹងកម្លាំងសមត្ថកិច្ចខាងណាចុះទៅបង្ក្រាប និងផ្ទុះអាវុធក្នុងភូមិសាស្ត្ររបស់លោកនោះទេ ហើយលោកក៏កំពុងតែរវល់ស្រាវជ្រាវនូវសាច់រឿងទាំងនោះផងដែរ ៕ ភារ៉ា ដង្កោ