ភ្នំពេញ៖ លោក ហ៉ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានចេញលិខិតមួយដោយស្នើទៅកាន់ប្រធានមន្ទីរធម្មការ និងសាសនា គ្រប់រាជធានីខេត្ត ចាប់ផ្តើមរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។
ជំនួសមុខឱ្យ លោក វង សូត ជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ និងជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា បានសំដែងការសាទរ និងអរគុណដល់ លោករដ្ឋមន្រ្តី ហ៉ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលបានចេញលិខិតដ៏មានអត្ថន័យមួយនេះ ដោយបង្ហាញការយកចិត្តទុកដាក់ជនមានពិការភាពនិងចាស់ជរា ដើម្បីអាចចេញចូលទីវត្តអារាម មណ្ឌលសាសនាដោយឥតឧបសគ្គ។
តំណាងឲ្យជនមានពិការភាពទូទាំងប្រទេស លោក ឯម ច័ន្ទមករា បានចាត់ទុកថាសកម្មភាពរបស់លោក ហ៉ឹម ឆែម នាពេលនេះប្រៀបដូចជាកាដូរពិសេសមួយ ធ្វើឲ្យជនមានពិការភាពសប្បាយរីករាយបិទមាត់មិនជិត និងសប្បាយរីករាយយ៉ាងខ្លាំង។
លិខិតរបស់លោក ហ៉ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា មានខ្លឹមសារដូច្នេះថា« ប្រធានមន្ទីរធម្មការ និងសាសនា ព្រះមេគុណ ព្រះអនុគុណ ប្រធានអង្គសាលាឆាន់ បន្ទប់ទឹក ឫសំណង់ផ្សេងៗ ត្រូវធ្វើជំរាលឲ្យជនមានពិការភាព ដើម្បីឲ្យមានភាពងាយស្រួល ក្នុងការធ្វើដំណើរឡើងចុះពេលប្រារព្ធពិធីផ្សេងៗ។
ក្នុងលិខិតដដែលបានបញ្ជាក់ថា សម្រាប់សំណង់រៀបរាប់ខាងលើ ដែលបានសាងសង់រួចត្រូវកែច្នៃ ឲ្យមានជំរាលសម្រាប់ការធ្វើដំណើរឡើងចុះ ក្នុងការប្រារព្ធពិធីផ្សេងៗ ជូនជនមានពិការភាព ទៅតាមលទ្ធភាព ដែលអាចកែច្នៃទៅរួច»។
ជាមួយគ្នានោះ លោក ឯម ច័ន្ទមករា សង្ឃឹមថា ក្រសួងស្ថាប័នដទៃទៀត និងមានការស្នើឲ្យអភិបាលរាជធានី-ខេត្តចំណុះរបស់ក្រសួង ស្ថាប័ននោះយកចិត្តទុកដាក់ និងចូលរួមចំណែកជួយសម្រូលដល់ជនពិការ ឲ្យដូចគ្នាទៅនឹងលោក ហ៉ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នាពេលនេះ ដែលបានបង្ហាញពីទឹកចិត្ត និងការយកចិត្តទុកដាក់ខ្លាំងដល់ជនពិការ នៅក្នុងវិស័យពិការភាព៕ សុខ ខេមរា