ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់សង្ស័យមានវិបត្តិគ្រួសារជិះម៉ូតូមកលោតទឹកលើស្ពានលីយ៉ុងផាត់បាត់ សល់តែម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ តាមផ្លូវចោមរោមឈរមើលនៅលើស្ពានលីយ៉ុងផាត់ ខណ:ដែលមានស្ត្រីម្នាក់លោតទឹកសម្លាប់ខ្លួន បន្សល់ទុកម៉ូតូមួយគ្រឿងម៉ាក Zoomer-X ព៌ណក្រហមលាយស ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅចំណុចលើស្ពានលីយ៉ុងផាត់ ក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមសាក្សីបានឲ្យដឹងថា ឃើញនារីវ័យក្មេងម្នាក់បានជិះម៉ូតូមួយគ្រឿង (មិនច្បាស់ពីទិសណា) បានមកលោតទឹកសម្លាប់ខ្លួននៅលើស្ពាន ទើបកម្លាំងនគរបាលប៉ុស្តិ៍ព្រែកព្នៅ ដែលឈរជើងក្បែរនោះទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ តែមិនបានឃើញជនរងគ្រោះទេ ព្រោះលិចចុះទៅក្នុងទឹកបាត់ និងដោយសារទឹកហូរខ្លាំងផង។

សមត្ថកិច្វបានប្រាប់ឲ្យដឹងថា ម៉ូតូដែលបន្សល់ទុកម៉ាក Zoomer-X ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1HA-2732 បន្សល់ទុកនៅកន្លែងកើតហេតុត្រូវ បានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលព្រែកព្នៅ ដើម្បីរង់ចាំសាច់ញាតិមកទទួល ។

នារីដែលធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួនត្រូវបានគេស្គាល់ឈ្មោះ សែ ពុធារី អាយុ ២៤ឆ្នាំ ស្នាក់នៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីសាច់ញាតិជនរងគ្រោះបានប្រាប់ថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានសុំមកលេងផ្ទះបងប្អូននៅម្តុំព្រែកលៀប លុះមកដល់រសៀលថ្ងៃដដែល មានគេប្រាប់ថា កូនលោតទឹកសម្លាប់ខ្លួនលើស្ពានលីយ៉ុងផាត់បាត់ទៅហើយ គ្រាន់តែទទួលដំណឹងនេះភ្លាម គាត់ក៏ប្រញាប់មកកន្លែងកើតហេតុ ភ្លាមតែមិនបានឃើញ ហើយបានរត់ទៅប៉ុស្តិ៍នគបាលព្រែកព្នៅដើម្បីសួរនាំទើបដឹង។

តាមការបញ្ជាក់ពីអាណាព្យាបាលនៅមុខសមត្ថកិច្ចអំពី រឿងហេតុដែលបបណ្តាលឲ្យនាងគិតខ្លីលោតទឹកសម្លាប់ខ្លួននេះ គឺមកពីនាងមានវិបត្តិក្នុងគ្រួសារផង និងនាងទាមទារឲ្យឪពុកម្តាយទិញទូរស័ព្ទ និងចិញ្ចៀនពេជមិនបានផងដែរ ។

ក្រោយធ្វើកំណត់ហេតុរួច ខាងនគរបាលប៉ុស្តិ៍ព្រែកព្នៅ ក៏បានប្រគល់ម៉ូតូរបស់ជនរងគ្រោះឲ្យទៅក្រុមគ្រួសារ ។ ចំណែកសព រហូតមកដល់ពេលនេះ នៅមិនទាន់បានឃើញនៅឡើយ ៕ ចាន់ធឿន


ចែករំលែក៖