ខេត្តបន្ទាយមានជ័យ៖ នគរបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ បានបង្ហាញមុខជនសង្ស័យ ក្រោយបំបែកសំណុំរឿង ឃាតកម្មលាក់មុខ ដែលជាសំណុំរឿងជាទីចាប់អារម្មណ៍របស់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យជាឃាតកម្នាក់ និងជនជាប់ពាក់ព័ន្ធម្នាក់ទៀត ក្នុងជម្លោះរកស៊ីគ្រឿងញៀន ។
លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃ ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យប្រាប់ឲ្យដឹងថា៖បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ប្រទះសាកសពយុវជនម្នាក់ដេកស្លាប់ក្នុងគុម្ពោធព្រៃកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅចំណុចសាលា អ៊ិនតាំ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ កាលពីរសៀលថ្ងៃទី១៥ ខែតុលា នោះមក ។ កម្លាំងនគរបាលជំនាញ និងនគរបាលក្រុងសិរីសោភ័ណ ក្រោមការដឹកនាំបញ្ជា កម្លាំងផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត បានចុះទៅស្រាវជ្រាវស៊ើបអង្កេតនៅចំណុចកើតហេតុ និងធ្វើការសន្និដ្ឋានជនសង្ស័យបានរងការស្លាប់ដោយអំពើឃាតកម្ម ។ សមត្ថកិច្ចក៏បានស្រាវជ្រាវរកឃើញ និងស្គាល់អត្តសញ្ញាណជនរងគ្រោះមានឈ្មោះ ជុង អ៊ុន ភេទប្រុស អាយុ៣១ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរី សោភ័ណ ។
លោកស្នងការរងបា្រប់ឲ្យដឹងទៀតថាក្រោយពីសមត្ថកិច្ចបានស្គាល់ អត្តសញ្ញាណ សពជនរងគ្រោះនោះហើយ កម្លាំងនគរបាលក៏បានស្រាវជ្រាវហើយកំណត់ បានមុខសញ្ញា ជនសង្ស័យជាឃាតក ដោយក្រោមការសម្របសម្រួលនីតិវិធី ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ មាស គីហុង ភេទប្រុសអាយុ២១ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ កាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ។ រវាងជនសង្ស័យ និងជនរងគ្រោះជាមុខសញ្ញារកស៊ីចូលហ៊ុនគ្នាលក់ចែកចាយគ្រឿងញៀននៅក្នុងក្រុងសិរីសោភ័ណ ឳពុកម្តាយដេញេញពីផ្ទះរឿងរកស៊ីគ្រឿងញៀន ពួកគេយកផ្ទះសំណាក់ ជាកន្លែងជួលស្នាក់នៅបណ្តោះអាសន្នដើម្បីលក់ចែកចាយ គ្រឿងញៀន ។
លោកស្នងការរងឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ប្រាប់ឲ្យដឹងទៀតថា បើតាម ចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ មាស គីហុង ប្រាប់ថា មុនពេលកើតហេតុ ពួកគេបានមានជម្លោះបញ្ហារកស៊ីគ្រឿងញៀន ជនរងគ្រោះ កិបកេងលុយបានមកពី លក់គ្រឿងញៀនឲ្យខ្លួនមិនគ្រប់ រូបគេជនសង្ស័យគំនុំខឹង និងជនរងគ្រោះបាន រករឿងខ្លួនស្រលាញ់ ស្រីស្នេហ៍ របស់ជនរងគ្រោះ និងខឹងជនរងគ្រោះយកម៉ូតូខ្លួនប្រើប្រាស់ជាមធ្យោបាយលក់ចែកចាយ គ្រឿងញៀនដោយមិនប្រគល់ម៉ូតូឲ្យមកខ្លួនវិញ ។ លុះនៅយប់រំលងអធ្រាត្រថ្ងៃទី១៥ ខែតុលា រូបគេទាំង២នាក់ បានជិះម៉ូតូឌុបគ្នាចេញពីផ្ទះសំណាក់ ចំការខ្នុរទៅក្រុងប៉ោយប៉ែតដើម្បីទិញគ្រឿងញៀនពីឈ្មោះ អ៊ុក ពិន ភេទប្រុសអាយុ៥១ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ។ ក្រោយពីទិញគ្រឿងញៀននោះហើយ ពួកគេទាំង២នាក់ក៏បានជិះម៉ូតូត្រឡប់មកក្រុងសិរីសោភ័ណដោយជនសង្ស័យឈ្មោះ មាស គីហុង ជាអ្នកបើម៉ូតូ ។
លោកឧត្តមសេនីយ៍ស្នងការរងប្រាប់ឲ្យដឹងទៀតថា ពួកគេជិះម៉ូតូមកដល់ចំណុច កើតហេតុខាងលើ ជនសង្ស័យឈ្មោះមាស គីហុង ក៏បានជិះម៉ូតូទម្លាក់ជន្ទល់ម៉ូតូបែក ផ្កាភ្លើង និង ថ្នល់ជាតិដើម្បីពញ្ញាក់អារម្មជនរងគ្រោះតើចាប់អារម្មណ៍ និងខ្លួនជិះម៉ូតូចង់ដួលរឺទេ ។ នៅពេលនោះជនរងគ្រោះមានឈ្មោះ ជុង អ៊ុន ក៏មិនមាត់កនោះទេ នៅពេលនោះជនសង្ស័យក៏បាន ជិះម៉ូតូមួលហ្កាឲ្យកប់ បើកទម្លាក់ផ្លូវ ហើយរូបគេក៏ឡូតចេញ ដោយម៉ូតូ និងជនរងគ្រោះ បានទៅបុក ដើមពុទ្រា បណ្តាលឲ្យជនរងគ្រោះសន្លប់ ជនរងសង្ស័យក៏បានយកដៃច្របាច់ក ជរងគ្រោះរហូតដាច់ខ្យល់ស្លាប់តែម្តង ។ បន្ទាប់មកជនរងគ្រោះក៏បានជិះម៉ូតូចេញមកក្រុងសិរីសោភ័ណ ហើយក៏ត្រូវបានរងការចាប់ខ្លួនពីសមត្ថកិច្ច ។ ជាងនោះទៀតសមត្ថកិច្ចបន្តទៅ ចាប់ខ្លួនឈ្មោះ អ៊ុក ពិន នៅក្រុងប៉ោយប៉ែត ដែលជាអ្នកលក់ចែក ចាយគ្រឿងញៀន ឲ្យជនសង្ស័យ និងជនរងគ្រោះផងដែរ ។
ជនសង្ស័យឈ្មោះ មាស គីហុង នៅព្រឹកថ្ងៃទី១៧ ខែតុលា ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញកសាងសំណុំរឿងចាប់បញ្ជូនទៅលាការខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ដោយឡែកជនសង្ស័យឈ្មោះ អ៊ុក ពិន មិនជាប់ពាក់ព័ន្ធ និងបទល្មើសឃាតកម្មនោះទេ ដោយជាប់ពាក់ព័ន្ធ និងបទល្មើសគ្រឿងញៀន ត្រូវបានកសាងសំណុំរឿងពាក់ព័ន្ធគ្រឿងញៀនទៅតុលាការនោះផងដែរ ៕ សំ វិច្ឆិកា