ព័ត៌មានទាន់ហេតុការណ៍៖

សាលា​ ប៊ែលធី​ អន្តរជាតិ​ទី​១៩ (សាខាផ្សារព្រែកលៀប) សម្ពោធជាផ្លូវការ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ប៊ែលធី បានប្រារព្ធ​ពិធីសូត្រមន្ត បើកឱ្យដំណើរការជាផ្លូវការ​សាលា​ ប៊ែលធី អន្តរជាតិទី១៩ (សាខាផ្សារព្រែកលៀប)ស្ថិតនៅផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោម​អធិបតី​ភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប និងលោកជំទា វ។

អគារប៊ែលធីទី១៩នេះ មានកម្ពស់​ ៨ជាន់ ក្នុងនោះជាន់ក្រោមដី គឺជាចំណតនិងមានបន្ទប់សិក្សា ៧០បន្ទប់ ដែលមានសិស្សចុះឈ្មោះចូលរៀនប្រមាណ៦០០នាក់ និងមានកម្មវិធីសិក្សាធំៗចំនួន ៥ ដូចជា៖

១- ថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១-១២)​​

២- ថ្នាក់ភាសាអង់គ្លេសទូទៅ (គ្រប់កម្រិត)

៣-​ កម្មវិធីគណនាលេខរហ័ស IMA

៤- វគ្គបណ្តុះ​បណ្តាល​កុំព្យូទ័រ

៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ (TOEFL​ &​ IELTS)

សាលា ប៊ែលធី អន្តរជាតិ ក៏បានបញ្ជូល កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន៨ លើកម្មវិធីដែលមានស្រាប់ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ​រួមមាន៖ ១-កម្មវិធីបង្កើនចំណេះដឹងទូទៅ ២-កម្មវិធីពង្រឹងស្មារតី ៣-កម្មវិធីទស្សនកិច្ចសិក្សា ៤-កម្មវិធីសិក្សាតាមទូរទស្សន៍ ៥-កម្មវិធីប្រឡងសំណេរ ៦-កម្មវិធីប្រកួតប្រជែងគណិតវិទ្យា ៧-កម្មវិធីប្រកួតប្រជែងទេពកោសល្យ និង ៨-កម្មវិធីកីឡា ។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៨ នេះ សិស្សប៊ែលធី ថ្នាក់ទី១២ បានបន្តរក្សាជើងឯកលេខ១ និងលេខ២ ទូទាំងប្រទេស ៤ឆ្នាំជាប់ៗគ្នា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងមានសិស្ស ៤២នាក់ ទទួលបាននិទ្ទេស A ហើយបានទទួលអាហារូបករណ៍ឧកញ៉ា លី ឆេង ទៅសិក្សានៅសាកលវិទ្យាល័យដៃគូល្បីៗរបស់ប៊ែលធី នៅជុំវិញពិភពលោកដូចជាៈ សហរដ្ឋអាមេរិក កាណាដា ជប៉ុន សឹង្ហបុរី ចិន ថៃ ម៉ាឡេស៊ី ជាដើម។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត លី ឆេង ក៏បានថ្លែងអំណរ​គុណយ៉ាងជ្រាលជ្រៅចំពោះ មាតាបិតា អាណាព្យាបាល សិស្ស-និស្សិត​ទាំងអស់ដែលតែងតែគាំទ្រ និងមានទំនុកចិត្តជឿជាក់មកលើសាលា ប៊ែលធី អន្តរជាតិព្រមទាំងបានសហការយ៉ាងជិតស្និត ជាមួយគណៈគ្រប់គ្រងសាខានីមួយៗ ដែលធ្វើឱ្យសិស្សានុសិស្ស ទទួលបាននូវចំណេះដឹង ប្រកបដោយសីលធម៌ និងគុណធម៌ខ្ពស់។

ជា​ទីបញ្ចប់​ ឯកឧត្តមបណ្ឌិត ​បានប្រកាសបើកឱ្យដំណើរការជាផ្លូវការសាលា ប៊ែលធី អន្តរជាតិ​ទី១៩ (សាខាផ្សារព្រែកលៀប) ចាប់ពីថ្ងៃនេះតទៅ ៕ ស រស្មី


ចែករំលែក៖