ខេត្តស្វាយរៀង ៖ ជនសង្ស័យប្រុសស្រីជនជាតិវៀតណាម៣នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តបង្ហាញខ្លួនពាក់ពន្ធ័រក្សាទុក ឬ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន៤០៤ កញ្ចប់តូច និងបញ្ជូនទៅតុលាការនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ។
ពាក់ពន្ធ័នឹងករណីនេះ មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យកាសែតនគរវត្តដឹងថា កម្លាំងមន្ទីរយុត្តិធម៌សហការជាមួយកម្លាំងមលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់រោទិ៍ ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងទទួលការងារយុត្តិធម៌កាលពីវេលាម៉ោង ២២ និង៥០យប់ នាទីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ចុះបង្ក្រាបករណីរក្សាទុក ឬ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុច ភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣ នាក់ ប្រុស០២ នាក់ ស្រី០១នាក់។
ប្រភពបន្តថាជនសង្ស័យទាំង៣នាក់មាន ៖ ១.ឈ្មោះ ហ្វៀង ធីធឿ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាដក មានទីលំនៅភូមិអូយាងតី សង្កាត់បិនហៀប ស្រុកតៀងតីង ខេត្តឡុងអាន ប្រទេសវៀតណាម ។ ២.ឈ្មោះ វិន ធីបី ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅខេត្តទីនយ៉ាង ប្រទេសវៀតណាម និងទី៣.ឈ្មោះ ម៉ាយ ង៉ុកឡុង ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្ន ភូមិឡុងនឿង ស្រុកកឹងឃូក ខេត្តឡុកអាង ប្រទេសវៀតណាម។
វត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា ចំនួន ០៨ កញ្ចប់ (៤០៤ កញ្ចប់តូច) មានទម្ងន់ ១០៤.៨៥ ក្រាម (គិតទាំងសំបកវិចខ្ចប់)។ កូនសៀវភៅចំនួន០១ក្បាល ។ ថង់សម្រាប់ដាក់គ្រឿងញៀនមួយចំនួន។ កូនកន្ត្រៃ ចំនួន ០២ ។ នាឡិកាចំនួន ០១។ លោហៈធាតុពណ៌លឿងចំនួន០២វង់។
បច្ចុប្បន្នជនសង្ស័យទាំង៣ព្រមទាំង វត្ថុតាងដើម្បីត្រូវបានកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្តតាមច្បាប់៕ យឹម សុថាន