ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ពេញវុធ បន្តយកចិត្តទុកដាក់ខ្ពស់ លើការងារសំអាត អនាម័យ បរិស្ថាន ឲ្យមានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ ជារៀងរាល់ថ្ងៃមិនថាពេលព្រឹក ឬរសៀលនោះទេ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ តែងតែយកចិត្តទុកដាក់ខ្ពស់ លើការងារអនាម័យបរិស្ថាន ក្នុងមូលដ្ឋានខណ្ឌដូនពេញ ជាក់ស្តែងនៅថ្ងៃសុក្រ ១០កើត ខែអស្បុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ លោក អភិបាលខណ្ឌដូនពេញ បានបន្តឲ្យកម្លាំងប្រជាការពារខណ្ឌដូនពេញ គ្រប់គោលដៅទាំងអស់ ប្រើប្រាស់ម៉ូតូទឹក របស់រដ្ឋបាលខណ្ឌដូនពេញ បាញ់លាងសំអាតផ្លូវថ្នល់សួនច្បារច្រាំងទន្លេ-ល-ជាពិសេសទីតាំងដែលមានក្លិនស្អុយឆ្អេះឆ្អាប ដោយសារការបន្ទោបង់ និង ចោលសំរាម តាមទីសាធារណៈមួយចំនួន ។

ក្រៅពីការបាញ់លាងសំអាត តាមទីសាធារណៈផ្សេងៗ លោក អភិបាលខណ្ឌ ក៏បានដាក់ចេញនូវផែនការការងារយ៉ាងមុតមាំលើបញ្ហាសំរាមដែលចេញខុសម៉ោងក្នុងមូលដ្ឋានខណ្ឌ ដោយបែងចែកម្លាំងចុះប្រមូលសំរាមដាក់រថយន្ត ធ្វើយ៉ាងណាមិនឲ្យមានសំរាមនៅតាមទីសាធារណៈឡើយ ក្នុងនោះរដ្ឋបាលខណ្ឌ ក៏បានប្រើប្រាស់វិធានការក្តៅចំពោះទីតាំងបងប្អូនប្រជាពលរដ្ឋដែលចោលសំរាមខុសម៉ោង ដោយធ្វើការឃាត់ខ្លួនមកសាលាខណ្ឌដូនពេញ ដើម្បីធ្វើកិច្ចសន្យាផងដែរ ។

ដើម្បីឲ្យមានសោភ័ណ្ឌភាពស្អាតល្អនៅក្នុងទីក្រុង រដ្ឋបាលខណ្ឌដូនពេញ សូមសំណូមពរដល់បងប្អូនមួយចំនួនតូចដែលមកលេងកំសាន្តក្នុងមូលដ្ឋានខណ្ឌដូនពេញ និង បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ សូមចូលរួមសហការជាមួយរដ្ឋបាលខណ្ឌ ដោយវិចខ្ចប់សំរាមឲ្យបានត្រឹមត្រូវគោរពតាមពេលវេលាចោលសំរាមឲ្យបានល្អប្រសើរ ៕ ស តារា


ចែករំលែក៖