ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតាកូម៉ា បុកម៉ូតូវ៉េវ ដឹកប្រពន្ធ កូន ស្លាប់២នាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសជាប្តី និងកូនប្រុសតូចម្នាក់ បានស្លាប់នៅកន្លែងកើតហេតុ ចំណែកប្រពន្ធរបួសធ្ងន់ ដោយសាររថយន្ត១គ្រឿង បើកបុកចំពីមុខពេញទំហឹង ហើយអ្នកបើកបង្ករត់គេចខ្លួន ។គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ឋត់នេះ បានកើតឡើងនៅម៉ោង៦ និង២០នាទីល្ងាច ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤៤ ស្ថិតក្នុងភូមិអូរគរគី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះទី១-ឈ្មោះប៉ាង ខេង ភេទប្រុស អាយុ៣៧ឆ្នាំ(ស្លាប់),ទី២-ឈ្មោះប៉ាង រក្សា ភេទប្រុស អាយុ៧ឆ្នាំ ត្រូវជាកូន (ស្លាប់), ទី៣-ឈ្មោះមាស ចន្ឋី ភេទស្រី អាយុ៣៥ឆ្នាំ (របួសធ្ងន់) ពួកគេទាំង៣នាក់ប្តី ប្រពន្ធ និងកូន រស់នៅភូមិខ្វាន ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ចំណែកអ្នកបើករថយន្តបង្ក មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល ។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឆ្លើយប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ត១គ្រឿងម៉ាក តាកូម៉ាពណ៌ក្រហម គ្មានស្លាកលេខ បើកតាមបណ្តោយផ្លូវជាតិលេខ៤៤ ទិសដៅពីលិចទៅកើត ។ លុះបើកមកដល់ចន្លោះគីឡូម៉ែត្រលេខ១២-១៣ ស្ថិតក្នុងភូមិកើតហេតុខាងលើ បានរេចង្កូតបុកម៉ូតូ១គ្រឿង ម៉ាកហុងដា វ៉េវ ពណ៌ខៀវ លាយខ្មៅ គ្មានស្លាកលេខ បើកបរដោយបុរសជាប្តី មានដឹកប្រពន្ធម្នាក់ និងកូនតូចម្នាក់ ដែលបើកបញ្រ្ចាសទឹសគ្នា បណ្តាលឲ្យឪពុក និងកូនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងប្រពន្ធ រងរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចអន្តរាគមន៍ បញ្ជូនស្ត្រីរងគ្រោះ ទៅគ្លីនិកឯកជនសុខណា រួចស្រាវជ្រាវរកក្រុមគ្រួសារ ឲ្យមកទទួលយកសាកសពឪពុក និងកូនប្រុស ទៅគេហដ្ឋានដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ។ ចំណែកយានយន្តទាំង២គ្រឿង សមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ស្រាវជ្រាវរកអ្នកបង្កហេតុ ដោះស្រាយតាមច្បាប់ ៕ សេនាស័ក្តិ


ចែករំលែក៖