ខេត្តកណ្ដាល៖ កុមារាអាយុ៥ឆ្នាំម្នាក់ ខណៈឪពុកម្ដាយធ្វេសប្រហែសមួយភ្លែត បានចុះមុជទឹកទន្លេ បណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលឡើង វេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ភូមិពោធិ៍ធំ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា កុមាររងគ្រោះឈ្មោះ ថា វ៉ាន់ឌីន ភេទប្រុស អាយុ៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិពោធិ៍ធំ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ឪពុកធំ(អ៊ុំ) របស់កុមាររងគ្រោះបានអង្គុយផឹកស្រានៅផ្ទះរបស់ឪពុកកុមាររងគ្រោះ ខណៈកំពុងតែផឹកនោះ ស្រាប់ឈ្មោះ ឡុង ស្រីមន ដែលជាប្អូនបង្កើត បានមកសួររកឈ្មោះ ថា វ៉ាន់ឌីន (កុមាររងគ្រោះ) ភ្លាមនោះគាត់បានឆ្លើយថា មិនឃើញទេ ដោយមានការងឿងឆ្ងល់ ក៏បាននាំគ្នាដើររកតែមិនឃើញ បន្ទាប់មកមានកុមារម្នាក់ដែលបានទៅមុជទឹកជាមួយនិងកុមាររងគ្រោះរត់មកប្រាប់ថា ឈ្មោះ ថា វ៉ាន់ឌីន លង់ទឹក ទើបនាំគ្នាចុះទៅរាវរកតាមមាត់ច្រាំង ក្នុងទឹកទន្លេ ក៏បានរកឃើញ ហើយស្រង់យកមកលើគោក ដើម្បីសង្គ្រោះ តែកុមាររងគ្រោះបានស្លាប់បាត់ទៅហើយ ។
ភ្លាមនោះក៏រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអរិយក្សត្រ ក្រោយកម្លាំងប៉ុស្តិ៍ទទួលបានព័ត៌មានភ្លាម ក៏សហការជាមួយកម្លាំងផ្នែកជំនាញស្រុក ,អាជ្ញាធរមូលដ្ឋានគ្រូ ,ពេទ្យប្រចាំមណ្ឌលសុខភាពឃុំអរិយក្សត្រ និងក្រុមគ្រួសារចុះពិនិត្យសាកសពនិងបានបញ្ជាក់ថា៖ សពកុមារខាងលើ ស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ ក្រោយពិនិត្យរួច សពកុមារបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ