ព័ត៌មានទាន់ហេតុការណ៍៖

ជាងភ្លើងឡានម្នាក់ ឡើងទៅតខ្សែអំពូលឆ្លងចរន្តអគ្គិសនី ឆក់ស្លាប់

ចែករំលែក៖

ភ្នំពេញៈ ហេតុការណ៍​ភ្ញាក់ផ្អើលមួយ បន្ទាប់ពីបុរសម្នាក់ជាជាងជួសជុល រថយន្តប្រចាំក្រុមហ៊ុនបាន ឡើងទៅជួសជុលចរន្តអគ្គិសនី ដោយសារអំពូលភ្លើងហ្វា បានដាច់ខូច បែរជាភ្លាត់ស្នៀតឆក់ធ្លាក់ស្លាប់ ។

ហេតុការណ៍​នេះ បានកើតឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅក្នុងក្រុមហ៊ុនមួយកន្លែង អត់មានដាក់ស្លាកយីហោ នៅតាមផ្លូវទំនប់កប់ស្រូវ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ ឈ្មោះ គួយ មនោ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ផ្នែកខាងប្រព័ន្ធភ្លើង នៅក្រុមហ៊ុនខាងលើ មានស្រុកកំណើតនៅផ្ទះលេខ៥៧ ភូមិអង្វះមួយរយ ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

តាម បុគ្គលិកជាងរួមការងារ ជាមួយគ្នា បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ឃើញអំពូលភ្លើងហ្វា នៅកន្លែងក្រុមហ៊ុនបានដាច់រលត់ខូច ហើយនៅវេលាម៉ោងខាងលើ ជនរងគ្រោះឆ្លើងទៅឡើងមើល បំណងជួសជុល ដើម្បីឲ្យភ្លើងភ្លឺឡើងវិញ តែមិនដឹងថា ជនរងគ្រោះ លូកដៃទៅប៉ះចំ ខ្សែភ្លើង ឬយ៉ាងណា ទើបបានឆក់ធ្លាក់មកដី រងរបួសធ្ងន់ សន្លប់ស្តូក ។

ប្រភពបន្តទៀតថា ពេលដែលជនរងគ្រោះឡើងទៅជួសជុលអំពូលភ្លើងហ្វានោះតែម្នាក់ឯង លុះដល់ឆក់ធ្លាក់ទៅហើយ ទើបនាំគ្នាឆោឡោ ដឹកជនរងគ្រោះយកទៅសង្រ្គោះនៅមន្ទីពេទ្យ តែគួរឲ្យសោកស្តាយ ជាអនិច្ចា ជនរងគ្រោះបានស្លាប់ មុននឹងដល់កន្លែងសង្រ្គោះបាត់ទៅហើយ ដោយមិនអស់ចិត្ត ទៅដល់គ្លីនិក គ្រូពេទ្យក៏បានបញ្ជាក់ដែរថា ជនរងគ្រោះបានស្លាប់បាត់ហើយ ទើបនាំគ្នាដឹកសពយកទៅ កន្លែងក្រុមហ៊ុនវិញ រាយការណ៍ ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យមើល ។

សាកសពក្រោយពី សមត្ថកិច្ចជំនាញ ពិនិត្យ កោសល្យវិច័យ ឃើញថាពិតជាស្លាប់ដោយសារឆក់ចរន្តភ្លើងពិតមែន រួចប្រគល់ជូន ខាងក្រុមហ៊ុន សហការជាមួយក្រុមគ្រួសារនៃសព ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខែនជ័យ


ចែករំលែក៖