ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង មូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ សហការចុះអនុវត្តន៍ដីកាបញ្ជាឲ្យចូលខ្លួននៃសាលាដំបូងខេត្តបាត់ដំបង ក្នុងនោះកម្លាំងឃាត់ចាប់ដាក់ខ្នោះដៃបុរសម្នាក់ ដោយជាប់ចោទក្នុងករណីរំលោភទំនុកចិត្តក្រុមហ៊ុនមួយនៅខេត្តបាត់ដំបង។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៤ និង៤៥នាទី រសៀលថ្ងៃព្រហស្បត្តិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងសហការធ្វើការឃាត់ខ្លួនឈ្មោះ យឹម វណ្ណា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ។
ប្រភពព័ត៌មានបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺអនវត្តន៍ឡើងតាមដីកា(បញ្ជាឲ្យចូលខ្លួន)លេខ៣២ អ យ ក ១៨ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ខណៈចេញដោយលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ដោយចោទជនសង្ស័យរូបនេះពីបទៈ(រំលោភលើទំនុកចិត្ត)លើក្រុមហ៊ុនក្នុងខេត្តបាត់ដំបង។
ប្រភពខាងលើបន្តទៀតថា ជនសង្ស័យជាអ្នកបើកបរ រថយន្តក្នុងក្រុមហ៊ុន ហើយបានធ្វើសកម្មភាពដូចជាបាត់(សោតាកេសំរាប់ប្រើប្រាសចំនួន ១កំប្លេ,ស្នប់សំរាប់បាញ់ខ្លាញ់ចំនួន ១កំប៉ុងខ្លាញ់,ក្បាលក្រេះចំនួន ២០គ្រាប់,អាវក្រុមហ៊ុនចំនួន ២,អាវសុវត្ថិភាពចំនួន ១,មួកសុវត្ថិភាពចំនួន ១,អាវយឺតចំនួន ២,ស្បែកជើងចំនួន ១គូរ,គ្រែបូកពូកចំនួន ១ឈុត,អាយកូមGP.300ចំនួន ១,ចេញពីក្រុមហ៊ុនដោយគ្មានការអនុញាតិពីអ្នកគ្រប់គ្រង,លុះដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ យឹម វណ្ណា បានបើករថយន្តរបស់ក្រុមហ៊ុនទៅចតទុកចោលដោយគ្មានមូលហេតុ ហើយសម្ភារនៅក្នុងរថយន្តបានបាត់បង់អស់រលីង ថែមទាំងលួចប្ដូរសំបកកង់រថយន្តអស់ចំនួន ៦គ្រាប់ដោយដាក់សំបកចាស់ជំនួស លួចប្ដូរអាគុយរថយន្តចំនួន ២គ្រាប់ដោយដាក់អាគុយចាស់ជំនួស រួមទាំងសម្ភារៈដែលក្រុមហ៊ុនប្រគល់ឲ្យគ្រប់គ្រងបានបាត់ទាំងអស់ ដែលអំពើរខាងលើនេះជាបទ(រំលោភលើទំនុកចិត្ត) ជនសង្ស័យបានប្រគល់ជូនសមត្តកិច្ចកងរាជអាវុធហត្ថខេត្តបាត់ដំបង៕ ប៉ឹម ពិន