ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលស្រុកសន្ទុក សហការនឹងសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំងចាប់រថយន្តដឹកឈើខុសច្បាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោកទូច សុខា អភិបាលស្រុកសន្ទុក សហការនឹងជំនាញសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំងចុះចាប់រថយន្តហ៊ីយ៉ាន់ដាយ១គ្រឿងដឹកឈើប្រភេទ លេខ២ ខុសច្បាប់ ពេញរថយន្ត ។ ក្នុងការឃាត់រថយន្តដឹកឈើមួយគ្រឿងនេះ ធ្វើឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦ យប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកទូច សុខា អភិបាលស្រុកសន្ទុកបានផ្តល់ព័ត៌មានតាមទូរស័ព្ទថា មុនចាប់រថយន្តដឹកឈើគ្រឿងនេះ លោកបានបើកឡានតាមពីក្រោយ លុះដល់ចំណុចភូមិកកោះ ទល់មុខសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង បញ្ជាឲ្យជំនាញសង្កាត់រដ្ឋបាលព្រៃឈើចាប់ថយន្តដឹកឈើមួយគ្រឿងនេះ យកទៅរក្សាទុកនៅសង្កាត់រដ្ឋព្រឈើ តាំងក្រសាំង ។ លុះស្អែកឡើងយករថយន្តដឹកឈើទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម វាស់វែង និងរង់ចាំម្ចាស់ឈើចូលខ្លួនផាកពិន័យ ។

រថយន្តដឹកឈើប្រភេទលេខ២នេះ ម៉ាក ហ៊ីយ៉ានដាយ ចំណុះ៥តោន ៤ភ្លៅ ក្បាលក្រហម ជ្រុងពណ៌ទឹកប្រាក់ ឈើនៅក្នុងរថយន្តនេះ មានចំនួនប្រហែលជាង២៥ម៉ែត្រគូប ៕ ប៊ុនរិទ្ធី


ចែករំលែក៖