ព័ត៌មានទាន់ហេតុការណ៍៖

កម្មការិនីរោងចក្រផលិតស្បែកជើងប្រមាណ១០០នាក់ ដួលសន្លប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្មការិនីរោងចក្រប្រមាណជិត១០០នាក់ ពេលកំពុងបម្រើការងារក្នុងរោងចក្រផលិតស្បែកជើងមួយកន្លែង ស្រាប់តែមានអការទន់ដៃទន់ជើង ងងឹតមុខ ថប់ដង្ហើម ក៏ត្រូវសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ប្រញាប់អន្តរាគមន៍បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខ្លះ និងគ្លីនិកឯកជនខ្លះ តែមិនមានអ្នកណាម្នាក់ធ្ងន់ធ្ងរទេ ។ ហេតុការណ៍នេះ បានកើតឡើងនៅរោងចក្រផលិតស្បែកជើងយីហោ វីងស្តារស៊ូរ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិអង្គសុគន្ឋា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

យោងតាមប្រភពព័ត៌មាន ពីអាជ្ញាធរមូលដ្ឋាន បានប្រាប់មូលហេតុដែលឲ្យមានកម្មការិនីរោងចក្រ ងងឹតមុខច្រើនគ្នានេះថា រោងចក្រខាងលើនេះ មានកម្មករបម្រើការងារប្រមាណ១មុឺននាក់ ហើយដល់ម៉ោងធ្វើការ ពួកគេបានចូលធ្វើការតាមធម្មតា ។ ស្រាប់តែដល់ម៉ោងកើតហេតុ មានកម្មការិនីថ្មីម្នាក់ ឈ្មោះយ៉េង សុីឌីម អាយុ៣៤ឆ្នាំ អត្តលេខ Q ២០១៨៩០៥៧០ ធ្វើការនៅក្រុម H8 ដែលគេមានជំនឿថា គាត់ត្រូវព្រលឹងខ្មោចចូលសណ្ឋិត បានស្រែកឮខ្លាំងៗ បណ្តាលឲ្យកម្មការិនីដទៃទៀត ដែលកំពុងធ្វើការក្បែរគ្នា មានអការភិតភ័យ ក៏ស្ទុះរត់ចេញមកក្រៅ បណ្តាលឲ្យមានអ្នកខ្លះងងឹតមុខ ខ្លះដួលរដូករណែល។

ប្រភពដដែលបន្តថា ដោយមានកម្មការិនី ដួលសន្លប់ សន្តិសុខបានជួយសង្រ្គោះបឋមរួចទាក់ទងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ឲ្យចអន្តរាគមន៍បញ្ជូនពួកគាត់មកមន្ទីរពេទ្យបង្អែកស្រុក និងគ្លីនិកឯកជនជាបន្តបន្ទាប់ ហើយអ្នកខ្លះត្រូវជាសាច់ញាតិ ក៏ជួយគ្រាហ៍ជនរងគ្រោះមកមន្ទីរពេទ្យ ដោយមានអការហេវហត់ ក៏សសម្រាកព្យាបាលដែរ ទើបចំនួននេះ កើនឡើងច្រើន តែមិនធ្ងន់ធ្ងរ ប៉ះពាល់ដល់អាយុជីវិតកម្មការិនីណាម្នាក់ឡើយ។

ប្រភពព័ត៌មានពីតំណាងរោងចក្រខាងលើបានឲ្យដឹងថា ក្រោយពីមានហេតុការណ៍កម្មការិនី ដួលសន្លប់ក្នុងរោងចក្របែបនេះ ថៅកែរោងចក្រ បានអនុញ្ញាតឲ្យកម្មករទងអស់ ឈប់សម្រាក១ថ្ងៃ មិនមានការពិន័យទេ ។ ចំណែកអ្នកជំងឺ បើមិនទាន់ធូរស្រាល អាចអនុញ្ញាតបន្ថែមតាមជាក់ស្តែង ។

លោក ចឹក បូរិន្ត ប្រធានក្រុមការងារខេត្តបានបញ្ជាក់ប្រាប់ថា ករណីនេះមិនមែនជារឿងពុលនោះទេ គឺផ្តើមចេញពីរឿងកម្មការិនីម្នាក់ប្រកាច់ហើយភ័យតៗគ្នា ទើបមានហេតុការណ៍បែបនេះ។

លោកប្រធានបន្តថា កម្មករសរុបមានចំនួន១០០០០នាក់ ហើយអ្នកដែលភ័យសន្កប់មានចំនួន១០០នាក់ ពេលនេះអ្នកខ្លះបានធូរស្បើយខ្លះៗហើយ ៕ សេនាស័ក្តិ


ចែករំលែក៖