ព័ត៌មានទាន់ហេតុការណ៍៖

ចោរ១ក្រុម ចូលវាយបំផ្លាញកាម៉េរាសុវត្ថិភាពក្នុងរោងចក្ររួចគាស់ទូលួចលុយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ចោរ១ក្រុម បានធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញកាម៉េរាសុវត្ថិភាព ដែលបំពាក់ក្នុងរោងចក្រ១កន្លែង រួចបានចូលទៅបន្ទប់រដ្ឋបាល ធ្វើការវាយបំផ្លាញកុំព្យូទ័រ និងគាស់ទូប្រមូលលុយបានមួយចំនួន រួចគេចខ្លួនដោយសុវត្ថិភាព។

ហេតុការណ៍នេះ មានការភ្ញាក់ផ្អើលនៅវេលាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចរោងចក្រយីហោ ម៉ាកូស ស្ថិតក្នុងភូមិដីក្រហម ឃុំរកាកោះ ស្រុកគងពិសី ខណៈពេលបុគ្គលិកចូលបម្រើការងារ។

ប្រភពព័ត៌មានពីបុគ្គលិករោងចក្រម៉ាកូស រាយការណ៍ប្រាប់សមត្ថកិច្ចថា ខណៈពេលពួកគេ វិលមកបម្រើការងារនៅពេលព្រឹក ស្រាប់តែបាត់សន្តិសុខ មិនឃើញនៅតាមរោងចក្រដូចសព្វដង ហើយពេលលពិនិត្យមើលកាម៉េរាសុវត្ថិភាពដែលបំពាក់ជុំវិញរោងចក្រ ត្រូវវាយបំបែក ហើយពេលចូលទៅពិនិត្យមើលក្នុងបន្ទប់រដ្ឋបាល កុំព្យូទ័រជាច្រើនគ្រឿង ក៏ត្រូវវាយកម្ទេច ហើយទូតម្កល់លុយក៏របើក ដោយសង្ស័យ មានចោរចូលធ្វើសកម្មភាព ទើបប្រញាប់រាយការណ៍ប្តឹងសមត្ថកិច្ចមូលដ្ឋាន ឲ្យចមកពិនិត្យ និងស្រាវជ្រាវ។

ប្រភពព័ត៌មានពីសមត្ថកិច្ចអធិការដ្ឋាន បានឲ្យដឹងថា ក្រោយការចុះពិនិត្យដោយផ្ទាល់ គឺមានការវាយបំផ្លាញកាម៉េរាសុវត្ថិភាព ដែលបំពាក់នៅច្រកចូលរោងចក្រ កុំព្យូទ័រ និងទូតម្កល់លុយក្នុងបន្ទប់រដ្ឋបាល ត្រូវបានវាយបំបែក និងរើកកាយពិតមែន ហើយសន្តិសុខឯកជន៣នាក់ ដែលតាមប្រការ ក៏បាត់ខ្លួន។សកម្មភាពនេះ ក្រុមចោរ អាចមានគ្នាច្រើនហើយចាប់ផ្តើមធ្វើសកម្មភាពវេលាទៀបភ្លឺ។

សមត្ថកិច្ច បានបន្ថែមថា មិនទាន់សរុបការខូចខាត និងចំនួនលុយ បាត់មានចំនួនច្បាស់លាស់នៅឡើយទេ រង់ចាំផ្នែករដ្ឋបាលរោងចក្រ ឆែកបញ្ជី និងរង់ចាំសមត្ថកិច្ចស្នងការដ្ឋាន ចុះមកដល់ដើម្បីឆែកឆេរកំណត់មុខសញ្ញា តែសមត្ថកិច្ច បានដាក់ការសង្ស័យលើក្រុមសន្តិសុខឯកជន ដែលជាអ្នកចូលរួមជាមួយក្រុមចោរ ៕ សេនាស័ក្តិ


ចែករំលែក៖