ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ទោ ង្វៀន គួកធឿក ប្រធានប្រតិភូសាខាសមាគមមិត្តភាព យោធភូមិភាគនិរតីវៀតណាម ប្រចាំរដ្ឋធានីហាណូយ បានជំរាបជូន លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច កាលពីព្រឹកថ្ងៃសុក្រ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ថា៖ រូប លោក ផ្ទាល់ និងប្រតិភូអមដំណើរទាំងអស់ មានសេចក្តីរំភើបឥតគណនាបន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា និងបានឃើញការរីកចំរើន មិនអាចនឹកមិនស្មាន ដល់ បើប្រៀបធៀបទៅនឹងអតីតកាល កាលពី៤០ឆ្នាំមុន។
ព្រោះលោក ជាសាក្សីរស់មួយរូប ដែលបានចូលរួមក្នុងជួរកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាពីរបបប៉ុលពត រហូតទទួលបានជោគជ័យ នាថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ។
ការលើកឡើងរបស់លោក ឧត្តមសេនីយ៍ទោ ង្វៀន គួកធឿក នាពេលនេះ បានធ្វើឡើងគ្រាដែលប្រតិភូនេះ បានមកបំទស្សនកិច្ចនៅកម្ពុជា ហើយត្រូវបានលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួង មុនពេលដែលប្រតិភូបន្តដំ ណើរទៅបំពេញទស្សនកិច្ចនៅខេត្តសៀមរាប ។
លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអបអរសាទរចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូនាពេលនេះ បន្ទាប់ពីប្រជាជនកម្ពុជា ទើបតែបញ្ចប់ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌថ្មីៗនេះ ពិសេសរដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៦ កំពុងដំណើរការយ៉ាងល្អ ទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសន្តិសុខជាតិ តាមរយៈនៃការបោះឆ្នោតប្រកបដោយតម្លាភាព ត្រឹមត្រូវ យុត្តិធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។
លោកស្រីកិត្តិសង្គហបណ្ឌិត បានរំលឹកអំពីចំណងមិត្តភាព រវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានជាប្រវត្តិសាស្ត្រជាយូរលុងណាស់មកហើយ ក្នុងឋានៈជាអ្នកជិតខាងល្អ ធ្លាប់បានតស៊ូប្រឆាំងសត្រូវរួម និងបានសហការជួយគ្នាទៅវិញទៅមក ទាំងសន្តិសុខ ទាំងការពង្រីកសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងក្របខណ្ឌជាតិ និងក្របខណ្ឌឯកជន ពិសេសយើងចាំមិនភ្លេចទេ ដែលកងទ័ពប្រជាជនវៀតណាមបានស្ម័គ្រចិត្តជួយរំដោះប្រជាជនកម្ពុជា ឲ្យរួចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ប៉ុលពត ។
លោក ង្វៀន គួកធឿក បានថ្លែងអំណរគុណលោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានអនុញ្ញាតឲ្យប្រតិភូចូលជួបសំដែងការគួរសម ព្រមទាំងបានបង្ហាញពីវឌ្ឍនភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន ដែលអាចវាយតំលៃបាន ថា៖ កម្ពុជាពិតជា ព្រះរាជាណាចក្រអច្ឆិរយៈ ដែលខុសគ្នាដាច់ស្រឡះកាលពី៤០ឆ្នាំកន្លងទៅ ព្រោះពីមុនជាទីវាលពិឃាត និងហេដ្ឋារចនាសម្ព័ន្ធនានាស្ថិតនៅក្នុងចំណុចសូន្យ ឥឡូវបានក្លាយជាកន្លែងអភិវឌ្ឍន៍ឥតឈប់ឈរ ជីវភាពប្រជាជនសម្បូរធូរធារ និងបានក្លាយជាប្រទេសជាតិមួយស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសអភិវឌ្ឍន៍ផងដែរ ។
ជាការឆ្លើយតប ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោកស្រី ម៉ែន សំអន បានពាំនាំការសួរសុខទុក្ខ ពីសម្តេចតេជោ ផ្ញើជូនប្រតិភូទាំងអស់ប្រកបដោយការនឹករលឹក និងសូមឲ្យកងទ័ព និងប្រជាជន នៃប្រទេសទាំងពីរ បន្តកិច្ចសហការគ្នាឲ្យកាន់រឹងមាំថែមទៀត ក្នុងន័យបម្រើឲ្យផលប្រយោជន៍រួម ដើម្បីជ្រោងទង់កសាងជាតិឲ្យកាន់តែអភិវឌ្ឍន៍ខ្លាំងក្លា ស្មើភាពគ្នាជាមួយប្រទេសក្នុងតំបន់ និងនៅលើពិភពលោក ហើយក៏សុំឲ្យដំណើទេសចរណ៍ទៅកាន់ខេត្តសៀមរាប និងទៅកាន់តំ បន់ផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា របស់ប្រតិភូ ទទួលបានជោគជ័យ ៕ សំរិត