ប្រទេសន័រវែស៖ បន្ទាប់ពីបញ្ចប់នូវកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១២ រួចមក នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន ទទួលជួបពីភាក្សាការងារជាទ្វេភាគីជាមួយ លោកជំទាវ អេណា សូលប៊ើក(Erna Solberg)នាយករដ្ឋមន្ត្រីនៃប្រទេសន័រវេស។
ក្នុងជំនួបនោះ លោកជំទាវ Erna Solberg បានមានប្រសាសន៍ថា បើទោះបីជាលោកជំទាវមិនបានទៅកាន់ប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែលោកជំទាវបានទទួលនូវព័ត៌មាន និងរូបភាពដ៏ល្អពីប្រទេសកម្ពុជា ដោយចាត់ទុកកម្ពុជាគឺជាប្រទេសមួយដ៏ស្រស់បំព្រង។ លោកជំទាវ មានប្រសាសន៍បន្តថា ប្រទេសន័រវែសមានឆន្ទះខ្ពស់ក្នុងការជួយដល់ប្រទេសកម្ពុជា ពិសេសការ ផ្តល់ជំនួយដល់ការស្វែងរកយុត្តិធម៌ចំពោះប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លោកជំទាវបន្តថា ទម្រាំតែពិភពលោកបានដឹងពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា គឺបានចំណាយពេលវេលាដ៏យូរ និងមានភាពស្មុគស្មាញ។ ជាមួយនឹងសកម្មភាពដែលប្រទេសន័រវែស ជួយដល់ប្រទេសកម្ពុជា ក្នុងការបោសសំអាតគ្រាប់មីន លោកជំទាវចង់ឃើញនិងជំរុញឲ្យមាន អនុសញ្ញានៃការហាមឃាត់ជាផ្លូវការ ស្តីពីការប្រើប្រាស់គ្រាប់មីន ក្នុងន័យនេះលោកជំទាវសង្ឃឹមថា កម្ពុជាអាចនឹងគាំទ្រនូវគំនិតផ្តួចផ្តើមដ៏មានសារសំខាន់នេះ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រទេសន័រវែសគឺជាប្រទេសមួយដែលបានផ្តល់ជំនួយជាច្រើនដល់កម្ពុជា ពិសេសការចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍន៍ និងការបោសសំអាតគ្រាប់មីន និងផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហម។ ទាក់ទិនទៅនឹងការជំរុញឲ្យមាន នូវអនុសញ្ញាស្តីពីការហាមឃាត់ជាផ្លូវការ នៃការប្រើប្រាស់គ្រាប់មីន សម្តេចតេជោមានប្រសាសន៍ថា កម្ពុជាពិតជាគាំទ្រទាំងស្រុង នូវអនុសញ្ញាស្តីពីការហាមឃាត់ជាផ្លូវការ នៃការប្រើប្រាស់គ្រាប់មីន។ សម្តេចតេជោបន្តថា កម្ពុជានឹងបន្តបោសសំអាតគ្រាប់មីនទាំងស្រុង ក្នុងប្រទេសកម្ពុជា ពិសេសកម្ពុជានឹងចូលរួមក្នុងគំនិតផ្តួចផ្តើម ស្តីពីអនុសញ្ញានៃការប្រើប្រាស់គ្រាប់មីន។ សម្តេចតេជោបន្តថា កន្លងមកកម្ពុជាបានបន្តនូវសកម្មភាពយ៉ាងសកម្ម ក្នុងការបោសសំអាតគ្រាប់មីន តាមបណ្តាប្រទេសមួយចំនួន ពិសេសតាមប្រទេសមួយចំនួនក្នុងទ្វីបអាហ្រិក។ ទាក់ទិនទៅនឹងប្រសាសន៍លើកឡើងរបស់សម្តេចតេជោ លោកជំទាវបានមានប្រសាសន៍ថា អ្វីដែលកម្ពុជាបានធ្វើគឺ មានសកម្មភាពដ៏ល្អ។
តាមរយៈនេះលោកជំទាវចង់ឃើញពីទំហំសេដ្ឋកិច្ចនៃប្រទេសទាំងពីរមាន កំណើនខ្ពស់។ លោកជំទាវបានថ្លែងនូវអំណរគុណជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តីដែលប្រទេសកម្ពុជា បានគាំទ្រនូវបេក្ខភាពរបស់ប្រទេសន័រវែស ក្នុងការបោះឆ្នោតជាសមាជិកមិនមែន អចិន្រ្តៃយ៍សន្តិសុខ របស់អង្គការសហប្រជាជាតិ ក្នុងអាណត្តិឆ្នាំ២០២១-២០២២។ លោកជំទាវនាយករដ្ឋមន្រ្តីន័រវែស ក៏បានជំរាបជូន សម្តេចតេជោនាយករដ្ឋមន្រ្តីពីសភាពការណ៍ក្នុងដែនសមុទ្រ ក្នុងប្រទេសន័រវែស ពិសេសពីបញ្ហាបរិស្ថាន និងការនេសាទ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា កម្ពុជាអាចជាដៃគូក្នុងគំនិត ផ្តួចផ្តើមដ៏មានសារសំខាន់ជាច្រើន ពាក់ព័ន្ធទៅនិងបរិស្ថានក្នុងមហាសមុទ្រ៕