ភ្នំពេញ៖ រថយន្ត២គ្រឿងបើកទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ២កន្លែងខុសគ្នា នៅក្នុងពេលតែមួយបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។
សមត្ថកិច្ចប្រាប់ថា ករណីទី១.បានកើតឡើងនៅតាមបណ្ដោយផ្លូវលេខ២៨៩ ច្រកចូលផ្សារទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក ហ្វត់រ៉េនជ័រ ពណ៌កណ្តុរល្មែះ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-0855 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុរថយន្តបានជ្រុលចង្កូតទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យវៀចអស់២ផ្ទាំង។ ភ្លាមៗនោះ អ្នកបើកបររថយន្តបង្កបានព្យាយាមរ៉ឺយ៉ែររថយន្តថយមកក្រោយបម្រុងបើករត់គេចខ្លួន តែដោយសាររថយន្តរងការខូចខាតមិនអាចបើកបាន អ្នកបើកបរក៏បានទាក់ទងហៅគ្នីគ្នាមកយក ហើយក្រោយក៏មានបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក MINI COOPER ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ2AL-8191 មកដឹកអ្នកបើកបររថយន្តបង្កចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ចំណែកឯករណីទី២. បានកើតឡើងនៅតាមបណ្ដោយផ្លូវលេខ២៨៩ ត្រង់ចំណុចស្តុបរតនាស្រីម៉ៅ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បង្កឡើងដោយរថយន្តមួយគ្រឿង ម៉ាក តូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-0348 ដោយបើកតាមបណ្តោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង យ៉ាងលឿន ។ ខណៈមកដល់ចំណុចកើតហេតុ រថយន្តបានជ្រុលទៅបុក នឹងក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យវៀចអស់មួយផ្ទាំង ។ ភ្លាមៗនោះ រថយន្តបង្កបានព្យាយាមបើករត់គេចទាំងបែកកង់ទៅខាងមុខបន្តទៀត ហើយខណ:ដែលបើករត់គេចបានប្រមាណ៥០០ម៉ែត្រ បើកទៅមុខលែងរួច ហើយអ្នកបើកបររថយន្តបង្កបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញបានចុះមកស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ៕ ជ្រោយពេជ្រ