ភ្នំពេញ ៖ បុរសពីរនាក់មិនដឹងផឹកស្រាស្រវឹងមកពីណា បានបើករថយន្តកាមរីបាឡែនទៅឈប់នៅផ្លូវ៦០ម៉ែត្រ ចំណុចតំបន់មិនរៀបរយ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយឃើញក្មេងស្រីម្នាក់មិនទាន់គ្រប់អាយុ ក៏ចង់ល្បួងយកទៅដេក តែត្រូវបងប្អូនឪពុកម្ដាយគេទាន់ក៏ឃាត់សួរនាំ តែត្រូវពួកគេទាំងពីរនាក់រករឿងវិញ ហើយបើករថយន្តចេញយ៉ាងលឿនជ្រុលទៅបុកបង្កោលភ្លើងបាក់អស់មួយដើម ព្រមទាំងត្រូវពលរដ្ឋយកដុំថ្មគប់បែកកញ្ចក់រថយន្តខ្ទេចអស់ និងបណ្ដាលឲ្យរបួសធ្ងន់ម្នាក់ ម្នាក់ទៀតសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ។
ក្មេងស្រីរងគ្រោះមានអាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី៩ឆ្នាំ ។ ចំណែកតៃកុងរថយន្តបង្ក និងអ្នករួមដំណើរជាមួយមិនស្គាល់អត្តសញ្ញាណនោះទេ ដោយរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។
យោងតាមសម្ដីស្ត្រីម្នាក់ដែលអះអាងថា ជាម្ដាយក្មេងស្រីរងគ្រោះ និងប្រភពពីប្រជាពលរដ្ឋជុំវិញកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនោះ គេឃើញបុរសពីរនាក់ខាងលើ បានបើករថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្ដាល 2B-6323 មកឈប់នៅកន្លែងកើតហេតុ ទាំងមានសភាពស្រវឹងស្រា ដោយមិនដឹងថាមករកអ្វីនោះទេ ។
មួយសន្ទុះក្រោយមកក៏ឃើញនិយាយជាមួយក្មេងស្រីរងគ្រោះខាងលើ ដោយល្បួងចង់យកទៅដេក ភ្លាមនោះក៏មានបងប្អូនរបស់គេឃើញប្រាប់ទៅឱពុកម្ដាយរូបនាង ហើយចេញទៅសួរនាំពួកគេទាំងពីរ ត្រូវពួកគេទាំងពីររករឿង និងយកទីបមកគំរាមវាយផងដែរ រួចហើយក៏នាំគ្នាបើករថយន្តចេញយ៉ាងលឿន និងចង់ដេញបុកគេឯងផងដែរ តែរេចង្កូតរថយន្តជ្រុលទៅបុកបង្គោលភ្លើងបាក់អស់មួយដើម និងមានបងប្អូនប្រជាពលរដ្ឋនៅក្បែនោះខិងពេកក៏យកដុំថ្មនាំគ្នាគប់បែកកញ្ចក់រថយន្តខ្ទេចទាំងសងខាង រងការខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យបុរសម្នាក់រួមដំណើរជាមួយរងរបួសធ្ងន់ ឯតៃកុងរងរបួសបែកមុខមាត់(ស្រាល)ត្រូវបានាមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការតាមនីតិវិធី ។
ក្រោយកើតហេតុ បុរសដែលរបួសធ្ងន់ក្នុងរថយន្តបង្កខាងលើ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ រីឯភាគីខាងក្មេងស្រីរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ ។
បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ