ព័ត៌មានទាន់ហេតុការណ៍៖

មេឃធ្លាក់ភ្លៀងលិចផ្លូវ ស្ត្រីម្នាក់ទៅលេងម៉ែក្មេក ដើរក្បែរបង្គោលភ្លើងឆ្លងចរន្តអគ្គិសនីឆក់ស្លាប់

ចែករំលែក៖

ភ្នំពេញ​៖​ កម្មការិនីរោងចក្រម្នាក់ ដើរទៅលេងម្ដាយក្មេក ខណៈមេឃភ្លៀង ទឹកលិចផ្លូវអស់ តែអនិច្ចារដើរក្បែរបង្គោលភ្លើង បែរជាឆក់ស្លាប់មួយរំពេច។

ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អើលឡើងដល់ប្រជាពលរដ្ឋ​ រាយការណ៍​ប្រាប់សមត្ថកិច្ច​ កាលពីម៉ោង៧យប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវលំ ចូលក្នុងភូមិទួលពង្រ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

សពនារីរងគ្រោះមានឈ្មោះ សូ ស៊ីណា ភេទស្រីអាយុ ២៩ឆ្នាំ មុខរបរ​កម្មការិនីរោងចក្រ ស្នាក់នៅ និងធ្វើការនៅម្តុំចំការរដូង ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុបន្ទាប់ពីមេឃបានធ្លាក់ភ្លៀងមួយមេ ធ្វើឲ្យផ្លូវលិចអស់ ក្រោយមកក៏មានស្ត្រីម្នាក់បានដើរលុយទឹកដើម្បីទៅលេងម្តាយក្មេងដែលនៅជិតនោះដែរ ខណៈកំពុងដើរ ស្រាប់តែប៉ះចំខ្សែភ្លើងទើបឆក់ដួលស្លាប់មួយរំពេច​ភ្លាមនោះ អ្នកជិតខាងបានហៅរថយន្តសង្គ្រោះកងពលតូចលេខ៩១១ ដើម្បីមកសង្គ្រោះតែដោយអកុសលក្រុមគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះមកកោសល្យវិច័យ រួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្តុកក្តួលចិត្តបំផុត ៕ សុខាសែនជ័យ


ចែករំលែក៖