ព័ត៌មានទាន់ហេតុការណ៍៖

បាតុភូតធម្មជាតិ រន្ទះបាញ់យ៉ាងសាហាវ ស្លាប់៤ របួសធ្ងន់២ នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅ ឃុំរាម ស្រុកព្រៃនប់ បានឲ្យដឹងថា កាលពីម៉ោង ២រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ​២០១៨ មានមនុស្ស៤នាក់ បានស្លាប់ និង២នាក់ទៀត រងរបួស​ធ្ងន់ បណ្តាលមកពីបាតុភូតធម្មជាតិរន្ទះបាញ់ នៅចំណុចអូរទា ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពឲ្យដឹងថា រន្ទះបាញ់ស្លាប់មនុស្ស និងរងរបួសខាងលើនេះ គឺនៅគ្រាជនរងគ្រោះទាំង ៦នាក់កំពុងជ្រកភ្លៀងជុំគ្នា នៅក្នុងរោង ឬផ្ទះតូចមួយជុំគ្នា​ មានទីតាំងស្ថិតក្នុង ​ការ​ដ្ឋាន​ដឹក​ដី​មួយ​កន្លែង​ នៅតាមផ្លូវ​ឆ្ពោះទៅកាន់​វត្ត​សមាធិ ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍ពីនគរបាលស្រុកព្រៃនប់បញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ និងរបួសរួមមាន ៖

1/ឈ្មោះ សាន ក្រិន ភេទប្រុស អាយុ16ឆ្នាំ មានទីលំនៅ ឃុំដា ស្រុកចិកបូរី ខេត្តក្រចេះ មុខរបរកម្មករសំណង់ (ស្លាប់)

2/ឈ្មោះ ទក ភេទប្រុស អាយុ30ឆ្នាំ មានទីលំនៅភូមិព្រែកខ្មៅ ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត មុខរបរកម្មករសំណង់ (ស្លាប់) ។

3/ឈ្មោះ ទុយ ភេទប្រុស អាយុ20ឆ្នាំ មានទីលំនៅ ភូមិព្រែកខ្មៅ ឃុំស្រែក្នុង ជុំគីរី ខេត្តកំពត មុខរបរកម្មករ (ស្លាប់) ។

4/ឈ្មោះ ចាន់ សឿន ភេទប្រុស អាយុ52ឆ្នាំ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរមេការសំណង់ (ស្លាប់) ។

5/ឈ្មោះ ទុយ ឡែម ភេទប្រុស អាយុ44ឆ្នាំ មានទីលំភូមិព្រែកខ្មៅឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត មុខរបរកម្មករសំណង់ (រងរបួសធ្ងន់) ។

6/ឈ្មោះ ស រាម ភេទប្រុស អាយុ45ឆ្នាំ មានទីលំនៅភូមិព្រែកខ្មៅឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត មុខរបរកម្មករសំណង់ (រងរបួសធ្ងន់)។

បើតាមរបាយការណ៍បន្ថែមថា ជនរងគ្រោះទាំងអស់ទើបតែមកស្នាក់នៅកន្លែងកើតហេតុ ខ្លះបាន៤ ឬ៥5ថ្ងៃ ហើយខ្លះទៀត ទើបតែមកបាន១ថ្ងៃប៉ុណ្ណោះ ដើម្បីធ្វើការសំណង់។

បច្ចុប្បន្ន សាកសពបានប្រគល់ជូនឲ្យសាច់ញាតិយកទៅស្រុកកំណើតធ្វើ បុណ្យតាមប្រពៃណី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖