ភ្នំពេញ៖ កញ្ញា ឌី លីកា Miss Grand Cambodia ដែលបានស្លៀកឈុតតំណាងជាតិ មានឈ្មោះថា “ទេពីស្រីសួគ៌បវរឦសានបុរៈ” បន្តទទួលបានពិន្ទុខ្ពស់ជាងគេបំផុតពីការ Like និង Share ក្នុងព្រឹត្តិការណ៍ប្រកួតសម្រស់ Miss Grand International 2018នៅប្រទេសមីយ៉ាន់ម៉ា។
ក្រោយដាក់ឲ្យមានការបោះឆ្នោតជុំទី២ ស្វែងរកអ្នកមានពិន្ទុខ្ពស់ជាងគេនោះ គឺពេលនេះគេបានរកឃើញកញ្ញាឯកទាំង៥នាក់រួចហើយ ក្នុងនោះកម្ពុជា បន្តនាំមុខអស់កញ្ញាឯកទាំងអស់ ។
ការប្រកាសនេះ ធ្វើឡើងក្រោយពីកញ្ញាឯកកម្ពុជា ត្រូវជួបប្រកួតជាមួយម្ចាស់ម្កុដកំពូលសម្រស់ប្រចាំប្រទេស១០ផ្សេងទៀត ដែលត្រូវបានជ្រើសរើសដោយគណៈកម្មការ ។ លំដាប់ពិន្ទុ លើឈុតតំណាងជាតិ របស់ Miss Grand កម្ពុជាបានជែងដាច់ Miss Grand វៀតណាម ឈរលើកកំពូលតារាង។
ចំណាត់ថ្នាក់លេខ៣ ពីការបោះឆ្នោតបានទៅលើកញ្ញាឯកមកពីប្រទេស ឥណ្ឌូនេស៊ី, ចំណាត់ថ្នាក់ទី៤ គឺប្រទេសមិចស៊ិចកូ និងទី៥ប្រទេស ប៉ារ៉ាហ្គាយ ។ ចំណែកឯឈុតតំណាងជាតិ៥ប្រទេសផ្សេង ដែលជ្រើសរើសដោយគណៈកម្មការនៃការប្រកួត Miss Grand International 2018 នឹងត្រូវប្រកាសក្នុងពេលដ៏ខ្លីខាងមុខ នេះ ដើម្បីរួមគ្នាប្រកួតជាថ្មីដោយជ្រើសរើសយកម្ចាស់ជ័យលាភីស្លៀកឈុតតំណាងជាតិ ដោយការសម្រេចពីគណៈកម្មការប្រកួត។
គួរបញ្ជាក់ដែរថា ឈុតតំណាងជាតិទាំង២០ តំណាងជាតិទាំងអស់បានដាក់ឲ្យបោះឆ្នោតនៅលើបណ្តាញសង្គមម្តងទៀត ដោយជម្រុះនៅសល់តែ១០ឈុតប៉ុណ្ណោះ ក្នុងនោះមានឈុតតំណាងជាតិចំនួន៥ ជ្រើសរើសតាមរយៈការបោះឆ្នោត និង៥ទៀត ជាការជ្រើសរើសដោយគណៈកម្មការប្រកួត។
ឈុតតំណាងជាតិ Miss Grand International 2018 ដែលល្អបំផុតនឹងត្រូវជ្រើសរើសដោយគណៈកម្មការ ឯការប្រកាសលទ្ធផលធ្វើឡើងនៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨៕ វឌ្ឍនា