ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសផ្សាភ្ជាប់កម្ពុជាទៅរកអនាគត Smart Axiata បញ្ចេញរបាយការណ៍និរន្តរភាពប្រចាំឆ្នាំ ២០១៧

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី១៩ ខែ តុលា ឆ្នាំ ២០១៨៖ ក្រុមហ៊ុន Smart Axiata នាថ្ងៃនេះ បានបង្ហាញរបាយការណ៍និរន្តរភាពប្រចាំឆ្នាំ ២០១៧ របស់ខ្លួន ក្នុងពិធីនៅភោជនីយដ្ឋាន Topaz ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន រួមមាន លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មន្ត្រីតំណាងក្រសួងនានា និងដៃគូអភិវឌ្ឍ។ របាយការណ៍នេះ បានឆ្លុះបង្ហាញឲ្យឃើញពីសមិទ្ធផលសំខាន់ៗ ដែលក្រុមហ៊ុនសម្រេចបានសម្រាប់សេដ្ឋកិច្ចសង្គមជាតិកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំកន្លងទៅ។

ក្របខណ្ឌការងារនិរន្តរភាពរបស់ក្រុមហ៊ុន គឺដើរស្របទៅនឹងក្របខណ្ឌរបស់ក្រុមហ៊ុន Axiata Group ដែលជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន ដោយគ្របដណ្ដប់លើចំនុចផ្សេងៗ ក្រោមសសរស្ដម្ភទាំង៤ ដូចជាទី១លើសពីប្រាក់ចំណេញរយៈពេលខ្លី៖ បង្កើតគុណតម្លៃរយៈពេលវែង តាមរយៈការវិនិយោគ ព្រមទាំងការបង្កើតនូវផលិតផល និងសេវាកម្មបែបបរិយាប័ន្ន។ទី២ការកសាងធនធានមនុស្ស៖ បណ្តុះបណ្តាលធនធានមនុស្សដែលមានទេពកោសល្យលំដាប់ពិភពលោក ដោយផ្អែកលើគុណតម្លៃស្នូលនានា ហើយផ្ដល់នូវមជ្ឈដ្ឋានធ្វើការមានភាពអំណោយផល ដែលជំរុញឲ្យមានភាពច្នៃប្រឌិត និងនវានុវត្តន៍ ។

ទី៣ដំណើរការល្អឥតខ្ចោះ៖ រៀបចំឲ្យមានការកែលម្អ និងការធ្វើអភិបាលកិច្ចលើដំណើរការអាជីវកម្ម ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព ក៏ដូចជាប្រសិទ្ធផលនៃដំណើរការអាជីវកម្មកាន់តែខ្ពស់ជាងមុននិងទី៤ពិភពលោក&សង្គម៖ អនុវត្តនូវកម្មវិធីនានា ក្នុងបំណងកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន និងបានចូលរួមចំណែកផ្នែកទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ទៅដល់សង្គមជាតិកម្ពុជា។

នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន Smart ទទួលស្គាល់ថា យើងមានទំនួលខុសត្រូវធំធេង ក្នុងការធានាឲ្យបានថា អាជីវកម្មរបស់យើងរីកចម្រើនទៅមុខ ព្រមគ្នានឹងការរីកចម្រើនរបស់ដៃគូពាក់ព័ន្ធនៅក្នុងស្រុក និងសហគមន៍មូលដ្ឋានផងដែរ។ យើងនឹងបន្តរក្សាតម្លាភាពនៅពេលដែលយើងបង្ហាញសាធារណជនឲ្យឃើញអំពីការខិតខំរបស់យើង ហើយក៏ត្រូវគ្រប់គ្រងផលប៉ះពាល់រយៈពេលវែងរបស់យើងទៅលើវិស័យសំខាន់ៗបី គឺសេដ្ឋកិច្ច បរិស្ថាន និងសង្គម។ នេះគឺជាសាក្ខីភាពមួយ ដែលបញ្ជាក់អំពីការប្តេជ្ញាចិត្តដ៏វែងឆ្ងាយរបស់យើង ឆ្ពោះទៅរកនិរន្តរភាព ស្របពេលដែលយើងត្រូវរក្សាលទ្ធផលការងាររបស់យើងឲ្យនៅខ្ពស់ដដែល។”

បើគិតត្រឹមតែឆ្នាំ ២០១៧ តែមួយឆ្នាំ ក្រុមហ៊ុន Smart បានចូលរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា ក្នុងទំហំទឹកប្រាក់ចំនួន ៣៣៩លានដុល្លាររអាមេរិក ពោលគឺស្មើនឹង ១.៥ ភាគរយនៃទិន្នផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា។ ក្រុមហ៊ុន Smart ក៏បានជួយផ្តល់ការងារចំនួន ៥២.៥៥៤ កន្លែង នៅក្នុងសង្វាក់ប្រតិបត្តិការរបស់ក្រុមហ៊ុន ។

ក្រុមហ៊ុន Smart បានបង់ពន្ធ អាករ និងកម្រៃនានាដែលកំណត់ដោយច្បាប់ ក្នុងទំហំទឹកប្រាក់ ចំនួន ៧៦ លានដុល្លារ ដែលក្នុងនោះការបង់ពន្ធតែមួយមុខរបស់ក្រុមហ៊ុនគឺស្មើនឹង ៣% នៃចំណូលពន្ធរបស់ជាតិ។ លើសពីនេះ ក្រុមហ៊ុន Smart បានប្តេជ្ញាអនុវត្តគម្រោងផ្សេងៗ ដែលជំរុញដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៏(ICT) ក៏ដូចជាការបណ្តុះធនធានមនុស្ស ដោយប្រើថវិកាជាង៦,៥លានដុល្លារអាមេរិក ដែលជាវិភាគទានរបស់ក្រុមហ៊ុនក្នុងមូលនិធិកាតព្វកិច្ចសេវាកម្មជាសកល និងមូលនិធិកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍន៍។

ក្រៅពីអាជីវកម្មស្នូលរបស់ខ្លួន ក្រុមហ៊ុន Smart ក៏បានបន្តអនុវត្តរបៀបវារៈជាជើងឯកឌីជីថលថ្នាក់ជាតិ តាមរយៈគំនិតផ្តួចផ្តើមផ្នែកការងារទំនួលខុសត្រូវសង្គមជាច្រើន ជាពិសេសគឺការងារដែលស្ថិតក្រោមសសរស្ដម្ភវិស័យអប់រំ និងសសរស្ដម្ភថ្មី គឺនវានុវត្តន៍បច្ចេកវិទ្យា។

ក្រៅពីការរួមចំណែកដល់ថវិកាអភិវឌ្ឍន៍ជាតិ និងប្រាក់ចំណូលរបស់រដ្ឋាភិបាល ក្រុមហ៊ុន Smart បានរៀបចំទឹកប្រាក់ចំនួនជាង១ភាគរយ នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួន សម្រាប់កម្មវិធីទំនួលខុសត្រូវសង្គម ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សហគមន៍ទាំងឡាយ ដែលយើងមានប្រតិបត្តិការ។

ក្រៅពីក្លាយជាប្រតិបត្តិករទូរស័ព្ទចល័តដំបូងគេបង្អស់ដែលបានដាក់ឲ្យដំណើរការនូវប្រព័ន្ធ 4.5G កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុន Smart ក៏បានដាក់ចេញនូវសេវាបែបនវានុវត្តន៍នានា ចុះកិច្ចព្រមព្រៀងភាពជាដៃគូថ្មីៗលើវិស័យកម្សាន្ត និងបង្កើនគំនិតផ្ដួចផ្ដើមបែបឌីជីថលរបស់ខ្លួនផងដែរ។ ទន្ទឹមនឹងនេះ Smart ក៏បានសម្រេចនូវសមិទ្ធផលថ្មី តាមរយៈការដាក់ឲ្យដំណើរការនូវមូលនិធិ Smart Axiata Digital Innovation Fund ដែលមានថវិកា ៥លានដុល្លារអាមេរិក ហើយក៏ជាមូលនិធិដំបូងគេបង្អស់នៅកម្ពុជា សម្រាប់បណ្តាក់ទុនលើអាជីវកម្មបែបឌីជីថល ដោយផ្តោតសំខាន់ទៅលើការវិនិយោគលើក្រុមហ៊ុនទើបនឹងបង្កើតថ្មីបែបឌីជីថល ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជាផ្ទាល់។

លោក ថូម៉ាស ក៏បានថ្លែងថា៖ “ខ្ញុំមានមោទនភាពចំពោះការរួមចំណែកកាន់តែច្រើនឡើងរបស់យើងទៅលើសង្គមជាតិ ចំពោះលទ្ធផលអាជីវកម្ម និងចំពោះឥទ្ធិពលរបស់យើងទៅលើសង្គមកម្ពុជា។ យើងនឹងបន្តអភិវឌ្ឍភាពឈានមុខគេផ្នែកសេវាអ៊ិនធឹណិតទូរស័ព្ទចល័ត និងផ្នែកកម្សាន្តស្រាប់ការរស់នៅ ហើយទន្ទឹមនឹងនេះក៏ត្រូវដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធឌីជីថលរបស់ប្រទេសកម្ពុជាផងដែរ។ ការវិនិយោគ និងការប្តេជ្ញាចិត្តរបស់យើងចំពោះប្រទេសកម្ពុជា នៅតែមាននៅក្នុងឆ្នាំនេះ ហើយក៏នឹងនៅតែមានភាពរឹងមាំដដែល តទៅថ្ងៃអនាគត៕ វឌ្ឍនា


ចែករំលែក៖