ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដង្កោ បញ្ជូនខ្លួនជើងខ្លាំង២នាក់ ដែលវាយមន្ត្រីនគរបាលរបួស ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃសៅរ៍ ១១កើត ខែអស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃ​ទី២០​ ខែតុលា​ ឆ្នាំ​២០១៨នេះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានបញ្ជូនខ្លួនយុវជនជើងខ្លាំង២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ បន្ទាប់ពីសមត្ថកិច្ចសាកសួរបញ្ចប់នីតិវិធី ។

គួររំលឹកផងដែរថា ជនសង្ស័យទាំង២នាក់នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ក្នុងករណី​ករណីហិង្សាមានស្ថានទម្ងន់ទោស​(វាយប្រតប់គ្នា)នៅមុខវិទ្យាល័យហ៊ុនសែនព្រែកកំពឹស ស្ថិតនៅក្នុងភូមិព្រែករទាំង សង្កាត់ព្រែកពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​

យោងតាមប្រភពព័ត៍មានពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ សែម សំណាង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមន្ត្រីនគរបាល មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យ​ទាំង២នាក់នោះ; ទី​១ឈ្មោះ ខែម ណាប់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់បុរីពិភពថ្មីគួរស្រូវ ផ្លូវជាតិលេខ២ នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ; និងទី​២ ឈ្មោះ កូយ ជា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិសង្កាត់ជាមួយគ្នា​ ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ កំពុងស្ថិតក្រោមការសាកសួររបស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ ទៅតាមនីតិវិធីច្បាប់ ៕ ភារ៉ាដង្កោ


ចែករំលែក៖