ខេត្តសៀមរាប៖ តាមប្រភពព័ត៌មានពីប្រជាពលរដ្នបានឲ្យដឹងថា កំណាត់ផ្លូវពី ឃុំព្រះដាក់ មកស្វាយធំ ក្រុងសៀមរាប រងការខូចខាតស្ទើរតែខ្ទេចខ្ទីអស់ ពុំឃើញមានអាជ្ញាធរ មកជួសជុលឡើយ ពេលធ្វើដំណើរម្ដងៗ គេចជង្ហុកមិនរួច ។
មន្រ្ដីរាជការបានថ្លែងថា ហេតុអ្វីអាជ្ញាធរខេត្តបណ្ដែតបណ្ដោយឲ្យផ្លូវខូចបែបនេះ មិនមានចំណាត់ការ និងជួសជុលផ្លូវ ដែលកំពុងតែខូចតិចតួចនេះសោះ ឬមួយទុកឲ្យផ្លូវនេះរងការខូចខាតអស់សិន ទើបធ្វើឡើងវិញ ងាយស្រួលដាក់សំណើសុំកញ្ចប់ថវិកា ពីរាជរដ្ឋាភិបាល ? បើពិតដូច្នោះមែន មិនខុសពីពាក្យដែលគេថា ពេលបានថវិកាមក នឹងអាលរៀបចុះគម្រោង ចាក់ស្ដើងស៊ីក្រាស់ និងស៊ីក្រាស់ ចាក់ស្ដើង ជាមិនខាន ដូចកំណាត់ផ្លូវមួយខ្សែនេះ ធ្វើមិនទាន់បានប៉ុន្មានឆ្នាំផង ខូចខ្ទេចខ្ទី ហើយគ្មានការជួសជុលឡើយ ។
លោក ស៊ូប្លាតុង អភិបាលក្រុងសៀមរាប មិនអាចសុំការបកស្រាយបានទេ ជុំវិញការរិះគន់របស់ប្រជាពលរដ្ន ដោយសារ ការទំនាក់ទំនងតាមទូរស័ព្ទលោក មិនលើក ៕ ប៊ុនរិទ្ធី