ភ្នំពេញ ៖ កុមារាម្នាក់ដើរទាក់ខ្សែលួស ចម្លងចរន្តដែលម្ចាស់មើលការទីតាំងតរាយ ធ្វើជាប្រព័ន្ធការពាររបស់ទ្រព្យ ខុសច្បាប់មួយ បណ្តាលឲ្យឆក់ដួលរងរបួសធ្ងន់ធ្ងរ ពេលដែលដើរទៅរកកន្លែងបត់ជើង បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅដីវាល ដាក់គ្រឿងចក្រមួយកន្លែង ខាងលិចវត្តវង្គតបុរី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ម្ចាស់ទីតាំងត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅសាកសួរ ។
ក្មេងប្រុសរងគ្រោះ មិនទាន់ស្គាល់ឈ្មោះនៅឡើយ មានអាយុ១៤ឆ្នាំ ស្នាក់នៅក្បែរកន្លែងកើតហេតុ ក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ សង្ឃឹមរស់មានជីវិតតិចតួសណាស់ ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ក្មេងរងគ្រោះដើរទៅកន្លែងដីវាល ដែលម្ចាស់ទីតាំងដាក់គ្រឿងចក្រទុកចោល ចូលទៅក្នុងបំណងបត់ជើងតូច តែបែរជាទៅទាក់ខ្សែលួស ដែលម្ចាស់ទីតាំង តរាយ តាមដី ពាសពេញជុំវិញគ្រឿងចក្រ ធ្វើជាប្រព័ន្ធការពារបស់ទ្រព្យ ដោយល្មើសច្បាប់ បណ្តាលដោយដួលប្រកាច់សន្លប់ស្តូក ត្រូវបាន ពលរដ្ឋក្រឡេកឃើញ ផ្អើលឆោឡោ ទើបម្ចាស់ទីតាំង ផ្តាច់ចរន្ត ពលរដ្ឋយកក្មេងរងគ្រោះកប់ដីសើមៗ រួចដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សី ដើម្បីសង្រ្គោះអាយុជីវិត តែមិនទាន់ដឹងវាសនានៃជីវិតក្មេងយ៉ាងណានៅឡើយ ។
ក្រោយពីផ្អើលឆោឡោ ក្មេងឆក់ចរន្តភ្លើង ដែលម្ចាស់ទីតាំងរាយបង្គប់ ភ្ជាប់ចរន្តភ្លើង សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនម្ចាស់មើលការទីតាំងនាំយកទៅសាកសួរ ។
ពលរដ្ឋរិះគន់ដល់ម្ចាស់ទីតាំងដាក់គ្រឿងចក្រ ហេតុតែការពារចោរ លួចទ្រព្យសម្បត្តិខ្លួន មិនបានធ្វើរបង យាមកាមឲ្យបានគត់មត់ បែជាមានចេតនា តរាយខ្សែលួស ភ្ជាប់ចរន្តអគ្គីសនី ព័ទ្ធជុំវិញទីតាំងធ្វើជាប្រព័ន្ធការពារទៅវិញ បង្កបញ្ហាដល់មនុស្សស្លូតត្រង់ដែលមិនដឹងអីសោះ រងគ្រោះថ្នាក់ទៅវិញ ។
ពលរដ្ឋបន្តទៀតថា ទីតាំងខាងលើ ម្ចាស់មើលការងារទីតាំងតរាយខ្សែលួសភ្ជាប់ចរន្តភ្លើង បង្កឲ្យឆក់មនុស្សស្លាប់និងរបួស០៣ដងទាំងលើកនេះហើយ តែកន្លងមកម្ចាស់ទីតាំងចរចាស្ងាត់ៗ អាងមានលុយ ចេញសងជីវិតមនុស្ស ឲ្យទៅភាគីរងគ្រោះ ចាំមើលលើកនេះ ច្បាប់ដោះស្រាយយ៉ាងណា? ៕ តុង សីហា