ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ ផ្ដល់បណ្ណកម្មសិទ្ធិិអចនវត្ថុ ជូនប្រជា ពលរដ្ឋ រស់នៅសហគមន៍វិមានទ្រង់ ៨៣៧គ្រួសារ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍វិមានទ្រង់ហៅសហគមន៍ (នគរថ្មី)ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខចំនួន៨៣៧គ្រួសារ ស្មើនឹង៨៣៧ក្បាលដី បានទទួលបណ្ណកម្មសិទ្ធិិអចលនវត្ថុ ស្របច្បាប់ពីរដ្ឋបាលរាជធានីភ្នំពេញហើយ ក្រោយពីមន្ត្រីជំនាញបានរៀបចំរួច រាល់តាមនីតិវិធី ដែលជាដំណាក់កាលចុងក្រោយនៃដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធ័ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលកំពុងអនុវត្តក្នុងរាជធានី ខេត្តទាំង២៥នៃព្រះរាជាណាចក្រកម្ពុជា ។

ពីធីប្រគល់ និងទទូលបណ្ណកម្មសិទ្ធិអចលនវត្ថុ នេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ តុលា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងសហគមន៍វិមានទ្រង់តែម្តង ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ៨៣៧គ្រួសារផងដែរ ។

លោកឃួង ស្រេង បានមានប្រសាសន៍លើឡើងថា៖ ទំរាំបានឈានមកដល់ដំណាក់កាលផ្តល់ បណ្ណកម្មសិទ្ធិស្របច្បាប់នេះគឺយើងបានខិតខំប្រឹងប្រែងជាច្រើនដើម្បីភាពសុខដុមនីយ៍កម្មរបស់ប្រជាពលរដ្ឋហើយសុំឲ្យបងប្អូនរក្សាបណ្ណនេះឲ្យបានល្អ និងប្រើប្រាស់ឲ្យមានប្រសិទ្ធភាព ។

លោកឃួង ស្រេង បានបញ្ជាក់ថា៖ ការចុះបញ្ជីដីធ្លី បានផ្តល់នូវសារប្រយោជន៏២យ៉ាងដល់រដ្ឋយើងផង និងដល់ប្រជា ពលរដ្ឋផង ។ ចំពោះប្រជាពលរដ្ឋគឺធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញជូនប្រជាពលរដ្ឋ ហើយវិញ្ញាបនបត្រ័សំគាល់អចលនវត្ថុគឺមានសារសំខាន់សំរាប់ជាភស្តុតាងនូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងជៀសវាងការរំលោភបំពានលើដីធ្លី ។

បណ្ណនេះក៏អាចផ្តល់លទ្ធភាពដល់បងប្អូនប្រជាពលរដ្ឋយើងដើម្បីយកទៅដាក់ធនាគារ ក្នុងការខ្ចីលុយ យកមកប្រកបរបរអាជីវកម្មផ្សេងៗ ។ ចំពោះរដ្ឋវិញ ការចុះបញ្ជីដីធ្លីនេះផ្តល់លទ្ធភាពយ៉ាងធំធេងក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំសណ្តាប់ធ្នាប់ល្អប្រសើរ និងសំរួលដល់ការធ្វើផែនការប្រើប្រាស់ដីធ្លីបានសមស្រប កាត់បន្ថយទំនាស់ដីធ្លី ។

ឈ្លៀតក្នុងឧិកាស នោះដែរលោក ឃួង ស្រេង ក៏បានរំលឹកឡើងវិញនូវប្រសាសន៍របស់សម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងកិច្ចប្រជុំកំពូលមេគង្គ.ជប៉ុនលើកទី១០ ដែលទើបបញ្ចប់ទៅនាពេលថ្មីៗនេះ ពីការមិនដោះដូរអធិបតេយ្យភាពជាតិជាមួយបរទេស ការមិនយក សន្តិភាពរបស់ប្រទេស ទៅដោះដូរជាមួយជំនួយ ហើយសម្តេចតេជោបានបញ្ជាក់ ជំហរយ៉ាងច្បាស់ថា កម្ពុជាត្រូវប្រឹងរស់ងើបឈរឡើងដើម្បីការពារឯករាជ្យ អធិបតេយ្យ និងសន្តិភាពរបស់ប្រទេស ៕ សំរិត


ចែករំលែក៖