ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះធម្មជាតិបាក់ច្រាំងនៅខាងក្រោយវត្តក្តីតាកុយខូចខាតចេតីយ៍៥ និង៥ទៀតប្រឈមមុខបាក់ស្រុត

ចែករំលែក៖

ភ្នំពេញ៖ គ្រោះធម្មជាតិបាក់ច្រាំងទន្លេនៅខាងក្រោយវត្តក្តីតាកុយ រយៈពេល២ថ្ងៃកន្លងទៅនេះ បង្កការខូចខាតចេតីយ៍ចំនួន៥ ចំណែក៥ទីតាំងទៀតប្រឈមមុខបាក់ស្រុត យ៉ាងណា ក៏ដោយអាជ្ញាធរខណ្ឌបានអន្តរាគមន៍ទប់ស្កាត់មិនឲ្យបាក់ស្រុតទៀតទេ ដោយប្រើប្រាស់បាវខ្សាច់ចាក់ផ្ទប់នៅមាត់ច្រាំងរួមនឹងសាឡង់បូមខ្សាច់ចាក់បំពេញកន្លែងស្រុតទើបអាចទប់ស្កាត់មិនឲ្យបាក់ស្រុតតទៅទៀត ។

គ្រោះធម្មជាតិបាក់ច្រាំងខាងក្រោយវត្តក្តី តាកុយក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅនេះបានកើតឡើងនៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ បណ្តាលឲ្យខូចខាតចេតីយ៍ចំនួន៤ ក្នុងនោះម្ចាស់ចេតីយ៍បានយកកោដ្ឋដាក់ធាតុជីដូន ជីតា ចេញចំនួន៥ធាតុ និងសែងមឈ្ឈូសដាក់សពចេញពីចេតីយ៍ចំនួន១ យកមករក្សាទុកនៅក្នុងព្រះវិហ៊ា ។ លុះដល់ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ការបាក់ច្រាំងមានស្ថានភាពធ្ងន់ធ្ងរ បណ្តាលចេតីយ៍ដែលទើបនឹងសាងសង់ថ្មី ធ្លាក់ចូលក្នុងទន្លេ និងចេតីយ៍ ចំនួន៦ទីតាំងទៀតប្រឈមមុខ នឹងការបាក់ស្រុត ក្នុងនោះដើមឈើ៥ដើមបាកចូលទន្លេ ។

បន្ទាប់ពីកើតគ្រោះធម្មជាតិបាក់ច្រាំងទន្លេក្រុមការងារសាលាខណ្ឌច្បារអំពៅ ដឹកនាំដោយលោកចេង មុនីរ៉ា អភិបាលខណ្ឌ បានចុះទៅពិនិត្យកន្លែងកើតហេតុទាំងថ្ងៃទាំងយប់ដើម្បីរកវិធីទប់ស្កាត់ និងសិក្សាពីមូលហេតុនៃការបាក់ច្រាំង ។

ពាក់ព័ន្ធករណីនេះលោកស្រី យន់ សុផល ចៅសង្កាត់វាស្បូវបានប្រាប់អ្នកយកពត៍មានថា ករណីបាក់ច្រាំងខាងក្រោយវត្តក្តីតាកុយនេះកើតឡើងតាំងពីល្ងាចថ្ងៃទី២០ ខែតុលា បណ្ដាលមកពីចរន្តទឹកហូរសើមច្រោះនៅបាតក្រោមដីខាងក្រោម ហេីយដីនេះ ជាប្រភេទដីល្បាយ ដែលព្រះចៅអធិការវត្តបានបូមខ្សាច់ដាក់កាលពី១ឆ្នាំមុន ម្យ៉ាងទៀត ចេតីយ៍នេះបានសាងសង់នៅកៀក និងមាត់ទន្លេ ពេលនេះខាងម្ចាស់ចេតីយ៍ដែលប្រឈម និងការបាក់បានកំពុងបូមខ្សាច់ចាក់បំពេញវិញ មួយផ្នែកទៀតក្រុមការងារបច្ចេកទេសបានប្រើប្រាស់បាវខ្សាច់ចាក់ផ្ទប់នៅមាត់ច្រាំងដើម្បីទប់ស្កាត់កុំឲ្យបាក់តទៅទៀត ។

ការបាក់ច្រាំងនេះបង្កឲ្យមានប៉ះពាល់ដល់ចេតិយ៍ចំនួន៥រងនូវការខូចខាត ដោយឡែកចេតីយ៍ចំនួន៥ទៀតប្រឈមនឹងការបាក់ស្រុតដែរនោះ ត្រូវបានម្ចាស់ចេតីយ៍ជួលសាឡង់បូមខ្សាច់ និងប្រើប្រាស់បាវខ្សាច់ចាក់ផ្ទប់កុំឲ្យបាត់ដល់ចេតីយ៍ ។ ករណីនេះដែរប្រជាពលរដ្ឋមួយចំនួន ដាក់បន្ទុកទៅលើការបូមខ្សាច់ រីឯអ្នកខ្លះទៀតបានយល់ឃើញថាៈ អាចបណ្តាលមកពីការច្រោះខ្សាច់ក្រោមចេតិយដោយមានភ្លៀងធ្លាក់ខ្លាំងនាពេលកន្លងមក ។

លោកស្រីចៅសង្កាត់បានបន្តថា ការយល់ឃើញរបស់ប្រជាពលរដ្ឋគឺជាសិទ្ធរបស់គាត់ តែបើតាមមន្ត្រីជំនាញបានសន្និដ្ឋានថាករណីបាក់ច្រាំងនេះមិនពាក់ព័ន្ធដល់ការបូមខ្សាច់នៅកណ្តាលទន្លេនោះទេ ព្រោះកន្លែងបាក់ច្រាំងមានចំងាយជាង១គីឡូម៉ែត្រពីទីតាំងបូមខ្សាច់ ។ គ្រោះធម្មជាតិនេះកើតឡើងមកពីកត្តារួមផ្សំគ្នាទី១ ចរន្តទឹកហូរ , ទី២ ទឹករលកបោកផ្ទប់ច្រាំង , ទី៣ ទឹកហូរច្រោះចេញពីក្រោមដី , ទី៣ ដីខ្សាច់ទើបនឹងបូមចាក់បំពេញដីនៅខាងក្រោយវត្តជិត១ឆ្នាំ និងទី៤ អ្នកមានធន់ធាន់ធ្វើសំណង់ចេតីយ៍ពុំមានគ្រឹះក្រោម និងមានទម្ងន់ធ្ងន់ជាហេតុធ្វើឲ្យដីខ្សាច់ដែលទើបចាក់ថ្មីមិនអាចទ្រទម្ងន់បានទើបបង្កជាគ្រោះបាក់ច្រាំងតែម្តង ។

ដោយឡែកលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានឲ្យដឹងថា ករណីនេះកើតឡើងដោយកត្តារួមផ្សំ ចំពោះទស្សនៈរបស់ប្រជាពលរដ្ឋដែលលើកឡើងថាបណ្តាលមកពីការបូមខ្សាច់នៅកណ្តាលទន្លេនោះគឺជាការយល់ឃើញរបស់គាត់ បើតាមអ្នកជំនាញបញ្ជាក់ថា មិនមានពាក់ព័ន្ធ និងការបូមខ្សាច់នោះទេ ។ ការបាក់នេះគឺមកពីសំពាធទឹកហូរធ្លាក់ពីលេីចុះក្រោម ច្រោះបាតដីខាងក្រោម ដូចនេះការបាក់ស្រុតចេតីយ៍នេះ មកពីសំពាធទឹកហូរច្រោះ។ ឥឡូវនេះក្រុមការងារបាន ទប់ស្កាត់មិនឲ្យបាក់តទៅទៀតទេ ៕ សណ្តោស


ចែករំលែក៖