ខេត្តសៀមរាប៖ ថ្ងៃច័ន្ទ ១៣កើត ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង០៧និង៣០នាទី លោកវរសេនីយ៍ឯក មិន ចន្ថា អធិការនគរបាល ស្រុកប្រាសាទបាគង បានទទួលការរាយការណ៍ថា មានមនុស្សស្លាប់ អណ្តែតទឹក នៅភូមិឪឡោក ឃុំបាគង មកក៏បានបញ្ជាមក កម្លាំងនគរបាលប៉ុស្តិ៍បាគង ជំនាញផ្នែកព្រហ្មទណ្ឌ និងផ្នែកបច្ចេកទេស បានចុះទៅដល់កន្លែងសាកសព ដែលស្ថិតនៅត្រង់ចំណុចទឹកទក្សិណ ក្នុងភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ដើម្បីធ្វើការពិនិត្យលើសាកសពដែលមានឈ្មោះ ហ៊ុល គឹមសាន្ត ភេទប្រុសអាយុ២៦ឆ្នាំ ដែលមានទីលំនៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថា សាកសពបានពិនិត្យយ៉ាងល្អិតល្អន់ ពុំមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធ និងបទល្មើសព្រហ្មទណ្ឌឡើយ។
យោងតាមការបំភ្លឺរបស់ម្តាយជនរោងគ្រោះនោះថា៖ កូនគាត់បានបាត់តាំងយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ដោយមិនដឹងទៅណាទេ ហើយកូនគាត់តែងតែផឹកជាប្រចាំ និង មានរោគស្កន់ជាន់ រយៈពេលកន្លះខែម្តង ឬ១ខែម្តង ជួនកាលអត់ទៀងទាត់ពេលផឹកស្រវឹងខ្លាំងអាចប្រកាច់ផងដែរ។ រីឯអ្នកជិតខាងដែលមានឈ្មោះ ស៊ុយ សុខឃី ភេទស្រី អាយុ៤១ឆ្នាំ នៅភូមិជាមួយបានបំភ្លឺថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ម៉ោង១៩និង០០នាទី ឈ្មោះ ហ៊ុល គឹមសាន្ត ខាងលើបានដើរទៅផឹកផ្ទះគាត់រហូតដល់ម៉ោង២០និង៣០នាទី ទើបដើរមកផ្ទះវិញម្នាក់ឯង។
ក្រោយពីត្រួតពិនិត្យនិងបានធ្វើកោសល្យវិច័យនៅកន្លែងកើតហេតុឃើញថា មិនមានពាក់ព័ន្ធនឹងរឿងឃាតកម្មទេ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។
សាកសពជនរងគ្រោះបានប្រគល់ជូនឪពុកម្តាយ និងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី