ភ្នំពេញ៖ ការដ្ឋានសំណង់ស្ថានីយប្រេង អត់ច្បាប់ដ៏ធំមួយកន្លែង ដែលសាងសង់បានប្រហែល៥០ ភាគរយ ហើយនោះ ពេលនេះ ទើបអាជ្ញាធរដឹងថា អត់ច្បាប់ ក៏ចុះទៅហាមឃាត់ផ្អាកការសាងសង់ជាបណ្តោះអាសន្ន ដើម្បីឲ្យម្ចាស់ស្ថានីយបំពេញបែបបទឲ្យបានត្រឹមត្រូវ ទៅតាមនីតិវិធី ។
ការចុះផ្អាកសំណង់ស្ថានីយប្រេងអត់ច្បាប់នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ដឹកនាំដោយលោកថេង សុថុល អភិបាលរងខណ្ឌទទួលការងារផ្នែកសាងសង់ មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
មេការផ្នែកសាងសង់ម្នាក់បានឲ្យដឹងថា មិនដឹងថាថៅកែស្ថានីយប្រេងឈ្មោះអីនោះទេ លោកដឹងតែទទួលម៉ៅការសាងសង់តែប៉ុណ្ណោះចំពោះសម្ភារៈទាំងអស់ខាងស្ថានីយជាអ្នកផ្គត់ផ្គង់ ហើយលោក ក៏មិនដឹងថាមានច្បាប់ឬអត់ច្បាប់នោះ គ្រាន់តែដឹងថានេះជាការដ្ឋានសំណង់ស្ថានីយប្រេងPTT ។
ពាក់ព័ន្ធការចុះផ្អាក់សំណង់ស្ថានីយប្រេងអត់ច្បាប់ដ៏ធំនេះដែរ លោក ថេង សុថុល អភិបាលរងខណ្ឌបានឲ្យដឹងថា សំណង់នេះមានគោលការណ៍ពីសាលារាជធានីភ្នំពេញ ប៉ុន្តែអត់មានច្បាប់សាងសង់នោះទេ ដូច្នេះហើយទើបអាជ្ញាធរខណ្ឌចុះផ្អាកការដ្ឋានសាងសង់ជាបណ្តោះអាសន្នដើម្បីឲ្យក្រុមហ៊ុនស្ថានីយប្រេងនេះបំបែបបទឲ្យបានត្រីមត្រូវទៅតាមនីតិវិធីច្បាប់ទើបអនុញ្ញាតិឲ្យសាងសង់ឡើងវិញ ។
លោកអភិបាលរងបានបន្តថា ជាទូទៅគ្រប់សំណង់ធំៗទាំងអស់មុននឹងសាងសង់ត្រូវសុំគោលការណ៍ពីសាលារាជធានីភ្នំពេញជាមុនសិន បន្ទាប់មកត្រូវសុំច្បាប់សាងសង់ ។ បន្ទាប់ពីទទួលបានច្បាប់សាងសង់ហើយ ត្រូវសុំច្បាប់មួយទៀតគឺច្បាប់ធ្វើអាជីវកម្មនិងច្បាប់មួយចំនួនទៀងដែលពាក់ព័ន្ធទៅនឹងការធ្វើអាជីវកម្ម ស្ថានីយប្រេង ។
ចំពោះសំណង់ស្ថានីយដ៏ធំនេះមានតែគោលការណ៍ពីសាលារាជធានីប៉ុណ្ណោះ ពុំមានច្បាប់សាងសង់ឡើយ ដូច្នេះហើយទើបអាជ្ញាធរខណ្ឌចុះផ្អាកការសាងសង់ជាបណ្តោះអាសន្នដើម្បីឲ្យក្រុមហ៊ុនស្ថានីយប្រេងសុំច្បាប់សាងសង់ បន្ទាប់មកសុំច្បាប់ធ្វើអាជីវកម្ម ព្រោះស្ថានីយប្រេងនីមួយៗមានហានិភ័យខ្ពស់ណាស់ ទាមទាឲ្យមានការសាងសង់ស្របទៅតាមស្តងដាបច្ចេកទេសឲ្យបានត្រឹមត្រូវ ៕ សណ្តោស