ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់៣នាក់ខឹង​មេជាង​មិន​បើក​លុយ​ឲ្យ​ នាំ​គ្នា​វាយ​សម្លាប់​ រួច​គេចខ្លួន​ ត្រូវ​កម្លាំង​នគរបាល​ខេត្តសៀមរាប​ក្របួច​ជាប់​

ចែករំលែក៖

ខេត្ត​សៀមរាប​៖ ​ជនសង្ស័យ​ចំនួន​៣​នាក់​ដែល​បាន​វាយ​សម្លាប់​មេជាង​សំណង់​ នៅ​ខេត្ត​ព្រះ​សីហ​នុ​ កាលពី​ថ្ងៃ​ទី​២២​ ខែតុលា ឆ្នាំ២០១៨កន្លង​ទៅ​ថ្មីៗ​នេះ ​រួច​នាំ​គ្នា​រត់គេច​ខ្លួន​មក​ស្រុក​កំណើត​ ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តសៀមរាប​ក្របួច​ជាប់ ​។​ ហេតុការណ៍​ឃាត់ខ្លួន​នេះ ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក ​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៨​ ស្ថិត​នៅ​ភូមិ​កញ្ជោ​ ឃុំ​រលួស​ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ​។​

​លោក​ឧត្តមសេនីយ៍ត្រី​ ភឹង​ ចិន្តា​រ៉េ​ត​ ស្នងការ​រង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២២​ និង​២០​នាទី​ ថានៅ​ក្រុម​ទី​៣២​ ភូមិ​៥​ សង្កាត់​លេខ​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ មាន​ករណី​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​០៣​នាក់​ ។​

​លោក​បន្ត​ថា ​ជន​រង​គ្រោះ​ឈ្មោះ​ តាំង​ បូ​រ៉ា​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ មុខរបរ​មេការ​សំណង់​ បច្ចុប្បន្ន​ស្នាក់​នៅ​តាម​ការដ្ឋាន​សំណង់​ មានស្រុក​កំណើត​ភូមិ​ ជីក្រែង​ឃុំ​ជីក្រែង​ស្រុក​ជីក្រែង​ ខេត្តសៀមរាប​ រង​របួស​ក្បាល​ ថ្ងាស​ មុខជា​ទម្ងន់​ស្លាប់​ក្រោយ​ពេល​ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ចំការ​ចេក​ក្រុងព្រះសីហនុ​។​ លោក​បន្ត​ថា​ ជនសង្ស័យ​ទាំង​៣​នាក់​រួម​មាន​មាន​ទី​១.​ឈ្មោះ​ភោគ​ សុ​ផាត​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ភូមិ​ស្រិ​ញ​ ឃុំ​ជីក្រែង​ ស្រុក​ជីក្រែង​ ខេត្តសៀមរាប​,​ទី​២.​ឈ្មោះ​ អុ​យ​ អឿ​ន​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង​ ទី​៣.​ឈ្មោះ​ ឈ​យ​ ឃ្មុំ​ ភេទ​ប្រុស​ អាយុ​ប្រហែល​៣០​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ មាន​ស្រុ​កំណើត​នៅ​ភូមិ​ស្តៅ​ ឃុំ​អន្លង់​សំណរ​ ស្រុក​ជីក្រែង​ ខេត្តសៀមរាប​។​

​តាម​ការ​សួរ​ចម្លើយ​ ជនសង្ស័យ​ទាំង​៣​នាក់​បាន​ឆ្លើយ​សារភាព​ពួក​គេ​ពិតជា​បាន​យក​ដំបង​ វាយ​សម្លាប់​លើ​ជន​រង​គ្រោះ​ ឈ្មោះ​ ជី​ន​ ភេទ​ប្រុស​ ជា​មេការ​សំណង់​នៅ​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​ ២០១៨​ វេលា​ម៉ោង​២០​ ៣០​នាទី​ នៅ​ចំណុច​ជិត​សាលារៀន​ហ៊ុន​ សែន​ អូរ​ពី​ ខេត្ត​ព្រះ​សីហ​នុ​ ​ដោយសារ​ខឹង​ជន​រង​គ្រោះ​មិន​បើក​លុយ​ឲ្យ ​និង​ទំ​នា​ស់​គ្នា​ពេល​ផឹកស៊ី​។​

បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន​ផ្តល់​ដំណឹង​ឲ្យ​ខាង​ស្នងការ​ខេត្ត​ព្រះ​សីហ​នុម​ក​ទទួលយក​ជនសង្ស័យ​ទាំង​៣​នាក់​ទៅ​ចាត់ការ​បន្ត​តាម​នីតិ​វិធី​ ៕ ប៊ុនរិទ្ធី


ចែករំលែក៖