ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកលៀប នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ដែលផឹកស៊ីស្រវឹង ហើយដើរស្រែកឡូឡា បង្កការរំខាន់ដល់ប្រជាពល់រដ្ឋ រួចយកទៅប្រគល់ឲ្យនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃផែនការងារអន្តោប្រវេសន៍ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។
មន្រ្តីនគរបាលខណ្ឌជ្រោយចង្វារ បាឲ្យដឹងថា ករណីឃាត់ខ្លួនជនជាតិចិនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃអង្គារ ១៤កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
ជនជាតិចិនរូបនោះ ឈ្មោះ CHENG KUN ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវបាន នគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកលៀប បន្ទាប់ពីរូបគេផឹកស្រាស្រវឹង ស្រែកឡូឡានៅតាមទីសាធារណៈ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។
បន្ទាប់មកកម្លាំងការិយាល័យបានធ្វើការសាកសួរ ឃើញថា ជននេះចូលមកប្រទេសកម្ពុជាលើកចុងក្រោយនៅថ្ងៃ១១ ខែមេសា ឆ្នាំ២០១៨ តាមច្រកអន្តរជាតិព្រលានយន្តហោះភ្នំពេញ រយៈកាលស្នាក់នៅប្រទេសកម្ពុជាគ្មានការងារច្បាស់លាស់។ បច្ចុប្បន្ន ត្រូវបាន បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕ ជ្រោយពេជ្រ