ខេត្តកំពង់ស្ពឺៈ ផ្ទះឈើ១ខ្នង ត្រូវបានភ្លើងឆាបឆេះខ្ទេចម៉ត់ទាំងព្រឹក ក្រោមស្នាដៃកូនឈាមរាវម្នាក់ ដោយខឹងឪពុកស្តីប្រដៅ ។ ហេតុការណ៍ កូនខឹងឪដុតផ្ទះឆេះម៉ត់នេះ បានកើតឡើងនៅម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិកណ្តាល ឃុំវល្លិ៍ស ស្រុកសំរោងទង។
កូនឈាមរាវដែលឪពុកស្តីប្រដៅមិនស្តាប់ម្នាក់នេះ ឈ្មោះ គី សំណាង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
ប្រភពព័ត៌មានពីបុរសជាឪពុក ឈ្មោះ ម៉ែន គន អាយុ៥៩ឆ្នាំ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ផ្ទះដែលឆេះនេះ មានទំហំ ៤ ម៉ែត្រគុណ៥ម៉ែត្រ ជញ្ជាំងក្តារប្រក់សង្កសី បណ្តាលឲ្យឆេះខូចខាតលុយខ្មែរចំនួន១០មុឺនរៀល, ពូកចំនួន២, គ្រែចំនួន៣, ទូចំនួន២ និងសម្លៀកបំពាក់មួយចំនួន។
ជនរងគ្រោះ បន្តទៀតថា នៅមុនកើតហេតុ កូនប្រុសគាត់ បានដើរផឹកសុី សេពគប់មិត្តមិនល្អ បង្ករឿងជាញឹកញាប់ ។ លុះនៅថ្ងៃកើតហេតុ កូនប្រុសម្នាក់វិលចូលផ្ទះ ទាំងស្រវឹងអួទីនួទាំងព្រឹក ។ ឃើញកាយវិការកូនបែបនេះ គាត់ក៏ស្តីប្រដៅឲ្យកូនកែខ្លួនដើរមកផ្លូវត្រូវវិញ ស្រាប់តែកូនឈាមរាវ មិនព្រមស្តាប់ពាក្យប្រៀនប្រដៅ ក៏ស្ទុះយកដែកកដុតផ្ទះ ឆេះសន្ឋោសន្ឋៅ អ្នកភូមិជួយដងទឹកពន្លត់ដែរ តែមិនអាចជួយសង្រ្គោះបានឡើយ។
ដោយទ្រាំនឹងទង្វើកូនលែងបាន បុរសជាឪពុក បានប្តឹងសមត្ថកិច្ច ឲ្យចុះមកឃាត់ខ្លួន ចាត់ការតាមច្បាប ហើយប្រជាពលរដ្ឋ សំណូមពរឲ្យសមត្ថកិច្ច ចាត់ការជនសង្ស័យ តាមច្បាប់ ៕ សេនាស័ក្តិ